ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលបញ្ហានេះទាមទារឲ្យមានការរួមសហការគ្នាដើម្បីដោះស្រាយ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនបានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីនក៍ដោយ ។
ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន ក្នុងពិធីបិទសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប មានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនរបស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការអាជ្ញធរមីន ក៏បានថ្លែងអំណរគុណ ជូនចំពោះបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីនដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មួយដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
បញ្ជាក់ផងដែរថា ក្នុងវិស័យមីនកម្ពុជា បានខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្លាំង រហូតក្លាយជាប្រទេសគំរូ និងឈានមុខគេ ក្នុងការជំរុញឱ្យមានការប្តេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនសកល ដើម្បីឈានទៅលុបបំបាត់នូវទុក្ខវេទនារបស់មនុស្សជាតិបង្កឡើងដោយសារមីន តាមរយៈការដាក់ចេញនូវសេចក្តីថ្លែងការ និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់សកម្មភាពមីនសកល។ ជាមួយគ្នានេះ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម












