跳至正文
西哈努克省电视台 · 官方网站
登录

រាជរដ្ឋាភិបាលអនុម័តវិនិយោគថ្មី ១១ គម្រោង ក្នុងភូមិភាគឦសាន ជាមួយទុនសរុបជាង ៤០០ លានដុល្លារ

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១១ ក្នុងតំបន់ភូមិភាគឦសាន ដែលមានទុនវិនិយោគសរុបប្រមាណ៤០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង៨០០កន្លែង។

គម្រោងទាំងនេះជាផ្នែកមួយនៃសំណើវិនិយោគសរុបចំនួន ២១ ដែលតំបន់ភូមិភាគឦសានបានទទួលរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ មានទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី២ សម្រាប់គម្រោងវិនិយោគចំនួន ១១នេះកាលពីចុងខែតុលា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានបញ្ជាក់ថា គម្រោងទាំងនេះគ្របដណ្តប់លើវិស័យចម្រុះ រួមមាន៖ ការផលិត និងកែច្នៃផលិតផលកសិកម្ម, ការដាំដុះ និងកែច្នៃដំណាំកសិ-ឧស្សាហកម្ម,ការសាងសង់សណ្ឋាគារ និងរីសត, ការបង្កើតគ្រឹះស្ថានអប់រំ និងសុខាភិបាលឯកជន, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

គម្រោងដ៏សំខាន់មួយក្នុងចំណោមនេះ គឺការសាងសង់កំពង់ផែពហុបំណងនៅខេត្តក្រចេះ ដែលមានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា កំពង់ផែនេះនឹងក្លាយជាកំពង់ផែពហុបំណងដំបូងសម្រាប់ខេត្តក្រចេះ និងសម្រាប់តំបន់ភូមិភាគឦសានទាំងមូល ដែលនឹងជួយពង្រឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក បង្កើតមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់ផលិតផលកសិកម្ម និងឧស្សាហកម្ម និងភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោនាពេលអនាគត។

សម្រាប់វិនិយោគិនដែលបានដាក់សំណើលើកនេះ រួមមានវិនិយោគិនមកពី ប្រទេសចិន ជប៉ុន វៀតណាម និងវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់ក្នុងតំបន់។ ពួកគេបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកសកម្មភាពវិនិយោគ បន្ទាប់ពីបានយល់អំពីអត្ថប្រយោជន៍នៃកម្មវិធីជំរុញវិនិយោគពិសេសនៅភូមិភាគឦសាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានណែនាំឱ្យក្រុមការងារ និងអនុគណៈកម្មាធិការវិនិយោគខេត្ត ចុះពិនិត្យទីតាំងវិនិយោគជាប្រចាំ ដើម្បីជួបវិនិយោគិន ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប ដោយអនុវត្តតាមគោលការណ៍ “អ្នកដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កបញ្ហា” ដូចដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានរំលឹកជាប្រចាំ៕

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…