(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានរៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងអគារសម្ភពមណ្ឌល សុខភាពក្នុងខេត្តព្រះសីហនុ នៅខាងមុខវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើម ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលព្រះសីហនុ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការធ្វើពិធីបុណ្យផ្កានេះ បន្ទាប់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មើលឃើញនូវកង្វះខាតនូវអគារសម្ពពសម្រាប់មណ្ឌលសុខភាពមួយចំនួនក្នុងខេត្តព្រះសីហនុ ទើបឯកឧត្តមបានសម្រេចផ្តួចផ្តើមរៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គីនេះឡើង ដើម្បីប្រមូលបច្ច័យយកទៅកសាងអគារសម្ភពនៅតាមមណ្ឌល សុខភាពមួយចំនួនដែលពុំទាន់មានអគារសម្ភពដាច់ដោយឡែក។
អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អគារសម្ភព ត្រូវសាងសង់ដាច់ចេញពីអគារអ្នកជំងឺផ្សេងៗ ម្យ៉ាងទៀតអគារសម្ភពនេះ ជួយការពារទារកដែលកើតមកត្រូវការសុខភាពល្អ មិនមានការឆ្លងនូវជំងឺផ្សេងៗ ប្រសិនបើអគារសម្ភពនៅជាមួយអគារជំងឺផ្សេងៗទារកនឹងងាយឆ្លងនូវជំងឺឆ្លងៗជាច្រើនផ្សេងទៀត ព្រោះទារកត្រូវការសុខភាពល្អនៅពេលសម្រាលរួច៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ













