ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមុខអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយទុក្ខកង្វល់របស់កសិករនារដូវច្រូតកាត់ឆ្នាំ២០២៥ ដែលកំពុងប្រឈមមុខនឹងបញ្ហាតម្លៃស្រូវធ្លាក់ចុះ។
ក្នុងនោះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន ៤០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ តាមរយៈការផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវពីកសិករដោយតម្លៃសមរម្យ និងក្នុងពេលវេលាដែលសមស្រប។
នេះមិនមែនជាលើកដំបូងទេ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញមុខអន្តរាគមន៍ដូចនេះ ដើម្បីជួយកសិករដែលរងផលប៉ះពាល់ពីទីផ្សារអង្ករអន្តរជាតិធ្លាក់ចុះ។ តាំងពីឆ្នាំ២០១៦មក សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការអនុវត្តវិធានការអន្តរាគមន៍ ដោយចាប់ផ្តើមបញ្ចេញថវិកាចំនួន ២០ លានដុល្លារដំបូង ដើម្បីជួយលើកតម្លៃស្រូវ និងគាំទ្រកសិករ។
តាមសេចក្តីរាយការណ៍ កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលនេះ បានអនុវត្តរួចរាល់ចំនួន ៥ លើក រួមទាំងលើកបច្ចុប្បន្ន៖
- លើកទី១៖ ២៨.៥ លានដុល្លារ
- លើកទី២៖ ៤០ លានដុល្លារ (ឆ្នាំ២០២៤)
- លើកទី៣៖ ៣០ លានដុល្លារ (ដើមឆ្នាំ២០២៥)
- លើកទី៤៖ ២០ លានដុល្លារ (រដូវប្រមូលផលខែសីហា ២០២៥)
- លើកទី៥៖ ៤០ លានដុល្លារ (រដូវប្រមូលផលខែវិច្ឆិកា–ធ្នូ ២០២៥ និងដើមឆ្នាំ២០២៦)
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេលត្រឹមតែ៣ថ្ងៃដំបូងគិតដល់ថ្ងៃទី៨ វិច្ឆិកា រោងម៉ាស៊ីនកិនស្រូវធំៗចំនួន ២៩ គ្រឿង បានចាប់ផ្តើមប្រមូលទិញស្រូវសើមជិត ៤ម៉ឺនតោន ពីកសិករនៅតាមវាលស្រែ ជួយបន្ថយភាពកកស្ទះ និងការខូចស្រូវដែលអាចកើតមាន។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ









