មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានព្រមានចំៗទៅកាន់អាវុធហត្ថនៅក្នុងខេត្តទាំងអស់ថា បើអាវុធហត្ថរូបណាពាក់ព័ន្ធបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ត្រូវតែអនុវត្តតាមច្បាប់គ្មានលើកលែងឡើយ។
ការព្រមានរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) នៅរសៀលថ្ងៃទី២២ ខែមករានេះ។
បើតាមបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់បទបញ្ជារដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ត្រូវតែធ្វើការបង្ក្រាបទីតាំងល្បែងអនឡាញប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា៖ «បើអាវុធហត្ថរូបណាដែលមានការពាក់ព័ន្ធទៅនឹងបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត















