ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមេសាកន្លងទៅ ក្រុមការងារយុវជនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង បានសហការជាមួយសហគមន៍ខ្មែរ និងប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសបារាំង រៀបចំកម្មវិធីសង្ក្រាន្តក្នុងស្មារតីសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាពយ៉ាងអធិកអធម និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ដើម្បីផ្សព្វផ្សាយអភិរក្សថែរក្សាការពារ និងលើកកម្ពស់នូវតម្លៃវប្បធម៌ និងអរិយធម៌ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរ ក្រោមអធិបតីភាពរបស់ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងលោកជំទាវ។ នេះបើតាមក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា។
ក្នុងនោះ ក្រុមការងារ បានរៀបចំពិធីពុទ្ធភិសេកតាមបែបសាសនា ការសម្តែងសិល្បៈរបាំប្រពៃណីជាតិខ្មែរ និងការរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងជាឱកាសដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្រនេះ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងស្រទាប់យុវជន និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ បំពេញការសិក្សា និងបម្រើការងារនៅឯក្រៅប្រទេសឱ្យកាន់តែមានភាពជិតស្និទ្ធ កក់ក្តៅ និងសាមគ្គីគ្នានៃមហាគ្រួសារខ្មែរ។
ក្រៅពីនេះ ក្រុមការងារ ក៏បានរៀបចំតាមគន្លងព្រះពុទ្ធសាសនានូវពិធីសាសនាបែបប្រពៃណីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស និងវីរកងទ័ពខ្មែរគ្រប់ជំនាន់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងពលីជីវិត ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ព្រមទាំងស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជាឱ្យរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យដែលប្រជាជនខ្មែរកំពុងទទួលបាននាពេលសព្វថ្ងៃនេះ៕
ដោយ៖ ង៉ែត ពិសាន្ត






















