跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តក្រចេះ៖ សត្វកន្ធាយក្បាលកង្កែបចំនួន ១៥ ក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ

KPS99TV历史原文 · 暂无当前语言译文

កន្ធាយក្បាលកង្កែបចំនួន ១៥ ក្បាល ត្រូវបានលែងចូលដែនទឹកធម្មជាតិ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ ក៏បានចុះពិនិត្យទីតាំងសំបុកកន្ធាយ និងពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះផងដែរ។

នាឱកាសនោះ លោកជំទាវ អ៊ឹម រចនា បានថ្លែងអំណរគុណដល់សមាជិកសហគមន៍ ដែលបានបំពេញភារកិច្ចអភិរក្សទីជម្រកសត្វកម្រ តាមដងទន្លេមេគង្គ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង រួមនឹងសហគមន៍ ក្នុងបេសកកម្មអភិរក្សសត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារដូចជា ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍។

សូមជម្រាបថា សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ តាមបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។

បច្ចុប្បន្ន សត្វកន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់ទីជម្រកនៅក្នុងប្រទេសជាច្រើន ខណៈដែលនៅកម្ពុជា តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺជាទីជម្រកធម្មជាតិតែមួយគត់ ដែលមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅលើពិភពលោក។

ក្នុងឆ្នាំ២០២៦នេះ សំបុកកន្ធាយក្បាលកង្កែបចំនួន ១៤ សំបុក ត្រូវបានរកឃើញ និងការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន ៩៥ ក្បាល ត្រូវបានញាស់ដោយជោគជ័យ ហើយមេពូជកន្ធាយក្បាលកង្កែបចំនួន ១ ត្រូវបានជួយសង្គ្រោះ និងនាំយកទៅថែទាំ ព្រមទាំងតាមដាននៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…