ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃបង្គាប់ឱ្យនគរបាលស័ក្ដិ៥ ខៀវ សុងច័ន្ទសុធា ចូលខ្លួនបំភ្លឺករណីគំរាមវាយខ្នោះចាប់បុរសម្នាក់ដាក់គុក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន ខណៈអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ក៏កំពុងមានចំណាត់ការលើករណីនេះដូចគ្នា។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ថា «យើងបានតាមដានយ៉ាងយកចិត្ដទុកដាក់ និងកំពុងពិនិត្យករណីនេះឱ្យបានសព្វគ្រប់ជ្រុងជ្រោយ។ ចំពោះសាមីខ្លួន គឺអាចសរសេររបាយការណ៍បំភ្លឺមកអង្គភាពខ្លួន ឬអង្គភាពខ្លួនមានសមត្ថកិច្ចឱ្យសាមីខ្លួនបំភ្លឺរឿងហេតុនេះ ដើម្បីមានមូលដ្ឋានធ្វើមូលវិចារណ៍។ ទន្ទឹមនឹងនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចដូចគ្នា»។
មន្រ្តីនគរបាលស័ក្ដិ៥ ខៀវ សុងច័ន្ទសុធា មានតួនាទីជាអនុប្រធាននាយកដ្ឋានក្នុងអង្គភាពចំណុះក្រសួងមហាផ្ទៃ បានរងការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្ដាញសង្គមដោយសារប្រើអំណាចគំរាមវាយខ្នោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដាក់គុក ព្រោះតែគេបើកឡានបុកឡានផ្លាកលេខនគរបាលរបស់ខ្លួនចតចោលកាលពីយប់ថ្ងៃទី២៣ ខែមេសា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទោះបីអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងស្ថានភាពស្រវឹង ប៉ុន្តែរូបគេបានព្យាយាមសម្របសម្រួលចេញថ្លៃសំណង៥០០ដុល្លារជូនរថយន្ដលោកប៉ូលិសស័ក្ដិ៥ នោះ។ នៅពេលឈរចាំ ក្រុមគ្រួសារម្ចាស់រថយន្ដបង្កយកប្រាក់មកសង បែរជាមន្រ្តីនគរបាលស័ក្ដិ៥រូបនេះ ស្រែកគំរាមឱ្យចាប់វាយខ្នោះអ្នកបើករថយន្ដដាក់គុកតែម្ដង និងបានលូកដៃយកបារីអេឡិចត្រូនិកនៅក្នុងហោប៉ៅជក់នៅមុខមហាជន និងទីសាធារណៈទៀតផង។ ដោយឡែក កន្លងទៅ នគរបាលរូបនេះ ក៏ធ្លាប់មានរឿងអាស្រូវជេរប្រមាថទៅលើអ្នកដឹកជញ្ជូនទំនិញ ដែលខ្លួនបានបញ្ជាទិញផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត












