跳至正文
西哈努克省电视台 · 官方网站
登录

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធ ៤ករណី

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ អនុវត្តតាមការដឹកនាំ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌដោយជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យសរុប ៥នាក់ ក្នុងនោះមានស្ត្រី ១នាក់ ពាក់ព័ន្ធនឹងករណីលួច និងប៉ុនប៉ងលួចចំនួន ៤ករណីផ្សេងគ្នា ព្រមទាំងដកហូតបានវត្ថុតាង និងសម្ភារមួយចំនួន។

ក្នុងករណីទី១ សមត្ថកិច្ចបានស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូម៉ាក SUZUKI NEX C110 ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺឈ្មោះ ផេង ម៉េង អាយុ ១៩ឆ្នាំ និងឈ្មោះ គឹម ឆវ័ន្ត ហៅ អាណាង អាយុ ១៦ឆ្នាំ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន និងស្ថិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួន។

ករណីទី២ ជាករណីលួចទូរស័ព្ទដៃម៉ាក iPhone 17 Pro Max នៅក្នុងហាងលក់សម្លៀកបំពាក់មួយ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លី គីមហុង ភេទស្រី អាយុ ១៩ឆ្នាំ និងដកហូតទូរស័ព្ទប្រគល់ជូនម្ចាស់ដើមវិញ មុននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដោយឡែក ក្នុងករណីទី៣ សមត្ថកិច្ចបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសចំនួន ២ករណី ដែលពាក់ព័ន្ធនឹងការគាស់ទម្លុះទម្លាយលួចទូរស័ព្ទ និង IPAD នៅសង្កាត់លេខ១ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ន សោភា អាយុ ៣៣ឆ្នាំ ដែលជាអ្នកដឹកជញ្ជូន និងចែកចាយសម្ភារលួចបាន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃជាច្រើនគ្រឿង IPAD និងសម្ភារពាក់ព័ន្ធមួយចំនួន ដើម្បីប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញ ខណៈបក្ខពួកផ្សេងទៀតកំពុងស្ថិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួន។

ចំពោះករណីទី៤ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួន ឡា អាយុ ៣៧ឆ្នាំ ពាក់ព័ន្ធករណីប៉ុនប៉ងលួចខ្សែភ្លើង និងដែកនៅក្នុងអគារជីនប៉ី៤ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីច្បាប់។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមចំណែកទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…