កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ បានឆ្មក់ចូលពិនិត្យឃ្លាំងស្តុកសាច់បង្កក១កន្លែងជារបស់ឈ្មោះ ភុត ប៊ុនហម នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា។ ក្នុងប្រតិបត្តិនោះ សមត្ថកិច្ចរកឃើញប្រហិតថៃជាង ២០០ដុំ និងសរសៃកែងមាន់អត់មានអក្សរបញ្ជាក់ប្រភពចំនួន៤២៧ដុំ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង ប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិរបស់លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ។ក្នុងនោះកម្លាំងសមត្ថកិច្ចបានរកឃើញប្រហិតសរសៃកែងមាន់មានអក្សរថៃចំនួន ២១៥ដុំតូច និងសរសៃកែងមាន់ មិនមានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ដុំតូច។ ចំណែក ម្ចាស់ទីតាំងត្រូវបានហៅមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ខណៈទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្តោះអាសន្ន។
ដោយឡែក នៅរសៀលថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចចម្រុះក៏បានចុះឆែកឆេរ និងពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោន១កន្លែង នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយសង្ស័យថា បាននាំចូលពីប្រទេសថៃ។ បើតាមប្រភពព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងនោះពិតជាបាននាំចូលពីប្រទេសថៃពិតមែនឬយ៉ាងណានោះទេ ហើយសមត្ថកិច្ចក៏មិនទាន់អាចបញ្ជាក់បានដែរថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារត្រឹមត្រូវតាមច្បាប់ដែរឬអត់នោះទេ។ ប៉ុន្តែគ្រាន់តែបានបញ្ជាក់ថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ហើយត្រូវបានគេសង្ស័យថា នាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ និងបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។
សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាកាលពីថ្ងៃទី០៩មិថុនា ឱ្យថ្នាក់ដឹកនាំខេត្ត ពិសេសនៅតាមព្រំដែនរកចាប់ខ្លួនអ្នកណាលួចនាំទំនិញថៃចូលមកកម្ពុជា ព្រមទាំងដកហូតយកទ្រព្យសម្បត្តិឱ្យអស់ ដើម្បីឱ្យអ្នកនោះទៅធ្វើការដីនៅតាមលេនដ្ឋាន ដោយសម្តេចសង្កត់ធ្ងន់ថា »រយៈពេល១ឆ្នាំហើយ!! សង្គ្រាមគេធ្វើបាបយើងនៅមិនទាន់ដឹងទៀត»៕
ដោយ៖ ង៉ែត ពិសាន្ត




















