跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចហ៊ុន សែន៖អាវក្រោះនិងសម្ភារយោធាម៉ាក DSS មានគុណភាពខ្ពស់ខណៈរដ្ឋាភិបាលបញ្ជាទិញជាង៧,៥លានដុល្លារ

KPS99TV历史原文 · 暂无当前语言译文

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ បានមថ្លែងថា ផលិតផលទាំងអស់របស់ DSS មានគុណភាពល្អ ខណៈរាជរដ្ឋាភិបាលបានបញ្ជាទិញក្នុងតម្លៃប្រមាណ ៧,៥ លានដុល្លារ។ នេះបើតាមសម្តេចតេជោថ្លែងក្នុងចុះពិនិត្យវឌ្ឍនភាពរោងចក្រការផលិតអាវក្រោះ និងសម្ភារយោធាម៉ាក DSS នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ដែរថា អាវការពារដែលផលិតដោយរោងចក្រខាងលើនេះ ត្រូវបាននាយករដ្ឋមន្ត្រីសាកល្បងប្រើប្រាស់រួចហើយ។ សម្តេចតេជោបន្តថា ការផលិតសម្ភារយោធាក្នុងស្រុក មិនមែនក្នុងគោលបំណងឈ្លានពានប្រទេសណាមួយឡើយ ប៉ុន្តែដើម្បីពង្រឹងសមត្ថភាពការពារជាតិ។

សម្តេចសង្កត់ធ្ងន់ថា ចាប់តាំងពីរោងចក្រ DSS ចាប់ផ្តើមដំណើរការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ មិនចាំបាច់នាំចូលអាវក្រោះ និងសម្ភារមួយចំនួនពីបរទេសដូចមុនទៀតទេ ពោលត្រឹមរយៈពេលជាង ៣ខែមកនេះ រាជរដ្ឋាភិបាលបានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS ក្នុងតម្លៃប្រមាណ ៧,៥ លានដុល្លារ។

សម្តេចក៏បានបង្ហាញការគាំទ្របន្តជួយរាជដ្ឋាភិបាល លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ និងការពារជាតិ។ សម្តេចតេជោលើកឡើងថា ដូនតាខ្មែរអាចកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យបាន ដូច្នេះការផលិតសម្ភារយោធាក្នុងសម័យបច្ចុប្បន្ន មិនមែនជារឿងលំបាកសម្រាប់កូនខ្មែរនោះទេ។

សម្តេចបន្ថែមថា រោងចក្រ DSS ដែលបង្កើតឡើងដោយកូនខ្មែរ មិនត្រឹមតែបានបំពេញតម្រូវការសម្រាប់យោធា និងកងកម្លាំងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពនាំចេញទៅកាន់ប្រទេសជាមិត្តមួយចំនួនផងដែរ បន្ទាប់ពីទទួលបានការអនុម័ត និងបញ្ជាទិញជាផ្លូវការពីរដ្ឋាភិបាលនៃប្រទេសទាំងនោះ។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី មិនចង់បង្កជម្លោះជាមួយនរណាម្នាក់ឡើយ ប៉ុន្តែកម្ពុជាក៏មិនអាចនៅស្ងៀម ប្រសិនបើមានការឈ្លានពានមកលើអធិបតេយ្យភាពរបស់ខ្លួនដែរ។ សម្តេចបានច្រានចោលព័ត៌មានដែលថា កម្ពុជាបានទិញរថក្រោះ និងបញ្ជូនទៅកាន់តំបន់ព្រំដែន ដោយបញ្ជាក់ថា កម្ពុជានៅតែរក្សាឥរិយាបថសន្តិវិធីក្នុងការដោះស្រាយបញ្ហា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…