跳至正文
西哈努克省电视台 · 官方网站
登录

ព្រះរាជវង្សថៃជួបទុក្ខធំ! ព្រះនាងម្ចាស់ បជ្រកិតិយាភា បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គតក្នុងព្រះជន្ម ៤៧ ព្រះវស្សា

KPS99TV历史原文 · 暂无当前语言译文

បាងកក៖ ព្រះនាងម្ចាស់ បជ្រកិតិយាភា មហិដុល (Bajrakitiyabha Mahidol) បុត្រីច្បងរបស់ព្រះមហាក្សត្រ មហា វជិរ៉ាឡុងកន នៃព្រះរាជាណាចក្រថៃ បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ ព្រះវស្សា បន្ទាប់ពីព្រះនាងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីអស់រយៈពេលជាង ៣ ឆ្នាំ។

យោងតាមសេចក្តីប្រកាសរបស់ព្រះបរមរាជវាំងថៃ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រះនាងម្ចាស់ បជ្រកិតិយាភា បានទទួលរងការឆ្លងមេរោគក្នុងពោះវៀន ដែលបណ្តាលឱ្យព្រះរាជសុខភាពរបស់ព្រះនាងកាន់តែទ្រុឌទ្រោម និងបានសោយទិវង្គតកាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ព្រះនាងម្ចាស់ បជ្រកិតិយាភា ដែលប្រជាជនថៃស្គាល់ជាទូទៅថា «ព្រះនាងម្ចាស់ ភា» គឺជាបុត្រីតែមួយអង្គគត់ដែលប្រសូត្រពីព្រះអគ្គមហេសីអង្គទី១ របស់ព្រះមហាក្សត្រ មហា វជិរ៉ាឡុងកន។ ព្រះនាងត្រូវបានគេចាត់ទុកថា ជាព្រះរាជវង្សដ៏លេចធ្លោមួយអង្គ ដែលមានតួនាទីសំខាន់ក្នុងការងារសង្គម កិច្ចការមនុស្សធម៌ និងការអភិវឌ្ឍសង្គមថៃ។

គួរបញ្ជាក់ថា ព្រះនាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីដួលបាត់បង់ស្មារតី ដោយសារបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបេះដូង និងផលវិបាកសុខភាពផ្សេងៗ។ ចាប់តាំងពីពេលនោះមក ព្រះនាងបានស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីជាបន្តបន្ទាប់ រហូតដល់សោយទិវង្គតនៅឆ្នាំ២០២៦នេះ។

ការសោយទិវង្គតរបស់ព្រះនាងម្ចាស់ បជ្រកិតិយាភា មហិដុល ត្រូវបានចាត់ទុកថា ជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ព្រះរាជវង្សថៃ និងប្រជាជនថៃទាំងមូល ខណៈប្រជាជន និងមជ្ឈដ្ឋាននានាបានសម្តែងនូវសេចក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ព្រះរាជវង្សដ៏សំខាន់មួយអង្គនេះ។ ដោយ៖ ទាវ វិឆាត

评论

正在加载评论…