跳至正文
西哈努克省电视台 · 官方网站
登录

ធុរជនចិនទៀជីវជាង ៤០០រូប ក្លាយជាកម្លាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជា ទៅកាន់ពិភពលោក

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ គណៈប្រតិភូធុរជនចិនទៀជីវពិភពលោកប្រមាណជាង ៤០០នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ត្រូវបានរំពឹងថានឹងដើរតួនាទីជាទូតសុច្ឆន្ទៈដ៏សំខាន់ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគ និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិនរបស់កម្ពុជា ឆ្នាំ២០២៦ ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនអន្តរជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុង «កិច្ចប្រជុំទូលាយប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-ចិន ព្រមទាំងវិនិយោគិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ដែលគ្រោងរៀបចំនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលត្រូវបានប្រារព្ធធ្វើនៅក្រៅប្រទេសចិន។ ឯកឧត្តមបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាវេទិកាដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញនៃវិស័យទេសចរណ៍ទៅកាន់ពិភពលោក ព្រមទាំងជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបន្តរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ច ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគបរទេស។ ជាមួយគ្នានេះ កម្ពុជាក៏បានដាក់ឱ្យអនុវត្តគោលនយោបាយសាកល្បងលើកលែងទិដ្ឋាការជូនប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យស្នាក់នៅបានរយៈពេល ១៤ថ្ងៃ និងចូលចេញបានច្រើនដង។ យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ ខណៈក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមទីផ្សារទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា។

ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…