跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាជំរុញថៃឱ្យបន្តការងារខណ្ឌសីមាព្រំដែន ខណៈការបញ្ជូនក្រុមវាស់វែងចម្រុះនៅតែពន្យារពេល

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា បានផ្ញើកំណត់ទូតជាថ្មីម្តងទៀតទៅកាន់ភាគីថៃ ដោយស្នើឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams - JSTs) ចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កំណត់ទូតចុងក្រោយនេះ ត្រូវបានផ្ញើទៅភាគីថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញដំណើរការការងារបច្ចេកទេសលើដីជាក់ស្តែង ដែលជាផ្នែកសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ភាគីកម្ពុជាបានផ្ញើកំណត់ទូតជាច្រើនលើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើឱ្យមានការបញ្ជូនក្រុម JSTs ចុះបំពេញការងារវាស់វែងលើដីជាក់ស្តែង។ ទោះជាយ៉ាងណា ភាគីថៃបានស្នើពន្យារពេលជាបន្តបន្ទាប់ ដោយលើកឡើងពីការបំពេញនីតិវិធីផ្ទៃក្នុង ការបោះឆ្នោតជាតិ ការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី និងការអនុម័តសមាសភាពថ្មីរបស់គណៈកម្មការ JBC ភាគីថៃ។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ទោះបីជាបច្ចុប្បន្នប្រទេសថៃមាននាយករដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្ត្រីថ្មីដែលបានចាប់ផ្តើមដំណើរការការងារជាផ្លូវការរួចហើយក៏ដោយ ក៏ភាគីថៃនៅមិនទាន់បានតែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា ការអូសបន្លាយពេលក្នុងការតែងតាំងសមាសភាពថ្មីរបស់ JBC និងការមិនបញ្ជូនក្រុម JSTs ចុះអនុវត្តការងារលើដីជាក់ស្តែង គឺផ្ទុយទៅនឹងកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងមិនស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ស្ថាប័នដដែលបានបញ្ជាក់ថា ឯកសារទាំងនោះបានផ្តល់អាទិភាពខ្ពស់ដល់ការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងឱ្យបានឆាប់រហ័ស ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។

ជាមួយគ្នានេះ ភាគីកម្ពុជាបានអះអាងថា នៅលើដីជាក់ស្តែង ភាគីថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជានៅតំបន់មួយចំនួន និងបន្តអនុវត្តសកម្មភាពដែលកម្ពុជាចាត់ទុកថាផ្ទុយនឹងច្បាប់អន្តរជាតិ ក្នុងគោលបំណងបង្កើត «ស្ថានភាពថ្មីលើដីជាក់ស្តែង» (fait accompli) បើទោះបីជាកម្ពុជាបានធ្វើការតវ៉ាតាមបណ្តាញការទូតជាច្រើនលើករួចមកហើយក៏ដោយ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទាំងស្រុងដូចខាងក្រោម៖

ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…