跳至正文
西哈努克省电视台 · 官方网站
登录

ជួយគាំទ្រទាំងអស់គ្នា!!ហាង Pizza Hut ដ៏ល្បីនិងហាងការ៉េម MONA Gelato បានបើកដំណើរការហើយនៅក្រុងព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

ដំណឹងល្អសម្រាប់អ្នកស្រឡាញ់ចូលចិត្តទទួលទានភីហ្សា ការ៉េមដែលមានរស់ជាតិឆ្ងាញ់ និងមានផាសុកភាព!! ហាង Pizza Hut ដ៏ល្បីឈ្មោះ និងហាងការ៉េមដ៏ល្បី MONA Gelato បានពង្រីកសាខាថ្មីមកដល់ក្រុងព្រះសីហនុនិងបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

ហាង Pizza Hut និងហាងការ៉េម MONA Gelato មានទីតាំងស្ថិតនៅបរិវេណ PENINSULA BAY (ទីលានតេជោ) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចមកសាកល្បងជាមួយភីហ្សា និងការ៉េម ដែលមានរស់ជាតិឆ្ងាញ់ហើយមានគុណភាពខ្ពស់ថែមទាំងមានផាសុកភាពបាននៅ Pizza Hut និង MONA Gelato ។

បើតាមលោក Steen Puggaard អគ្គនាយកក្រុមហ៊ុនឡូវីសធីដ៍ខូលេចស៊ិន បានឱ្យដឹងថា មូលហេតុ Pizza Hut ពង្រីកសាខាថ្មីនៅខេត្តព្រះសីហនុ ដោយសារលោកមើលឃើញពីការអភិវឌ្ឍន៍និងភាពរីកចម្រើនរបស់ខេត្តហើយក៏ចង់នាំយកភីហ្សាដែលមានរស់ជាតិឆ្ងាញ់ មានគុណភាពខ្ពស់ និងផាសុកភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុ។

លោក Steen Puggaard បានរំលឹកថា ក្រុមហ៊ុន Pizza Hut Cambodia គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Getz Group។ ក្រុមហ៊ុននេះ មានអាយុកាល ១៧៤ឆ្នាំហើយដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៨៥២ ដោយបងប្អូន Getz ពីរនាក់ និងមានប្រតិបត្តិការនៅក្នុង ៩៤ប្រទេសជុំវិញពិភពលោក។

លោកសង្កត់ធ្ងន់ថា បច្ចុប្បន្ន Pizza Hut មានសាខានៅតាមរាជធានី-ខេត្តនៃប្រទេសកម្ពុជាសរុបចំនួន១២ ខណៈនៅខេត្តព្រះសីហនុជាសាខាចុងក្រោយទី១២។ ចំណែក សាខាទី១៣ ក៏គ្រោងនឹងបើកដំណើរក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ លោកបានបង្ហើបឱ្យដឹងថា អាចនឹង១ឆ្នាំឬ២ឆ្នាំខាងមុខ Pizza Hut នឹងពង្រីកសាខាខ្ទង់១៥ទៅ២០សាខាទៀតនៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែចំពោះគោលដៅដែល Pizza Hut គ្រោងនឹងពង្រីកទៅដល់រាធានី-ខេត្តណាខ្លះនោះ លោក Steen Puggaard សុំលាក់ទុកសិនដោយមិនអាចបញ្ជាក់បាននោះទេ។

ចំណែក លោកស្រី ជា ហួរ ម្ចាស់ហ្វ្រែនឆាយ ហាងការ៉េមដ៏ល្បី MONA Gelato បានឱ្យដឹងថា Gelato ជាស្តេចបង្អែមដែលប្រើជាតិស្ករតិចមានគុណភាពខ្ពស់ និងមានភាពល្បីល្បាញនៅអឺរ៉ុបហើយទទួលបានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិនិងអន្តរជាតិ។ លោកស្រី ជា ហួរ បានបញ្ជាក់ថា MONA Gelato បានផលិតពីគ្រឿងផ្សំគោលដ៏ល្បីពីប្រទេសអ៊ីតាលី ជាពិសេសគឺបន្ថែមនូវផ្លែឈើស្រស់ៗប្រចាំតំបន់នៃប្រទេសកម្ពុជាដែលជាការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកទៀតផង។

ម្ចាស់ហ្វ្រែនឆាយរូបនេះ បានបញ្ជាក់បន្ថែមថា MONA Gelato បានបង្កើតឡើងនៅក្នុងឆ្នាំ២០២៤ តាមរយៈសេចក្តីស្រឡាញ់ ការការពារកូន និងការចូលចិត្តពិសា Gelato។ បច្ចុប្បន្ន MONA Gelato មាន៣សាខានៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា ខណៈនៅឆ្នាំ២០២៨ MONA Gelato ក៏គ្រោងនឹងពង្រីកសាខាទៅប្រទេសអូស្រ្តាលីផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី ជា ហួរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់ទុកការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហាង Pizza Hut ដ៏ល្បីឈ្មោះ និងហាងការ៉េមដ៏ល្បី MONA Gelato សាខាក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគលើសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា Pizza Hut និង MONA Gelato ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ តាមរយៈការផ្តល់នូវអាហារប្រកបដោយគុណភាព សុវត្ថិភាព និងមានឳជារសគួរឱ្យទុកចិត្តសម្រាប់អតិថិជន ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…