跳至正文
西哈努克省电视台 · 官方网站
登录

មហាជនសម្តែងការខកចិត្ត ក្រោយរកឃើញ «ត្រីត្រោត» ដាក់លក់ជា «ត្រីសាល់ម៉ុន» នៅហាងល្បីឈ្មោះមួយកន្លែង

KPS99TV历史原文 · 暂无当前语言译文

ប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននិងកំពុងផ្ទុះការចែករំលែកយ៉ាងកក្រើក ពាក់ព័ន្ធនឹងករណីហាងលក់អាហារសមុទ្រល្បីឈ្មោះមួយ ត្រូវបានគេសង្ស័យថា បានដាក់លក់ត្រី Trout (ត្រីត្រោត) ប៉ុន្តែផ្សព្វផ្សាយ និងលក់ជាត្រី Salmon (សាល់ម៉ុន) ជូនអតិថិជន។
ប្រធានបទនេះបានក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីក្រុមការងារចម្រុះក្នុងខេត្តបាត់ដំបង ដឹកនាំដោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យទីតាំងលក់ទំនិញបង្កក ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ និងពិនិត្យគុណភាពផលិតផល ដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងអំឡុងពេល ចុះត្រួតពិនិត្យនោះ រូបភាពមួយសន្លឹក ដែលបង្ហាញពីក្លាសេត្រីនៅក្នុងហាងល្បីមួយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានអះអាងថា ត្រីដែលដាក់តាំងលក់ជាត្រីសាល់ម៉ុននោះ តាមពិតទៅគឺជាត្រីត្រោត ដែលមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែជាប្រភេទត្រីខុសគ្នា។
ក្រោយរូបភាពនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ អតិថិជនជាច្រើននៅទូទាំងប្រទេសបានបង្ហាញអារម្មណ៍ខកចិត្ត និងសោកស្តាយ ដោយលើកឡើងថា ពួកគេធ្លាប់ជឿជាក់លើគុណភាព និងស្តង់ដាររបស់ហាងនេះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបើការលើកឡើងខាងលើជាការពិត នោះគឺជាការប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។
ជាមួយគ្នានេះក៏មានមតិមួយចំនួនបានបញ្ជាក់ថា ត្រី Salmon និងត្រី Trout មានរូបរាង ពណ៌សាច់ និងរសជាតិប្ររហាក់ប្រហែលគ្នា ដែលអាចធ្វើឱ្យអ្នកទិញទូទៅពិបាកសម្គាល់។
ទោះជាយ៉ាងណាគេយល់ថា អ្វីដែលសំខាន់គឺការបង្ហាញព័ត៌មានឱ្យបានត្រឹមត្រូវ និងមានតម្លាភាពចំពោះអតិថិជន មិនថាផលិតផលនោះមានគុណភាពល្អប៉ុណ្ណាក៏ដោយ៕ ដោយ៖ ឡាយ កុល

评论

正在加载评论…