跳至正文
西哈努克省电视台 · 官方网站
登录

ព្យុះចំនួន២កំពុងមានឥទ្ធិពលលើកម្ពុជាបង្កឱ្យមានភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់កន្រ្តាក់ដល់ថ្ងៃ២៩មិថុនា

KPS99TV历史原文 · 暂无当前语言译文

ព្យុះទី៨ឈ្មោះ ហ៊ីហ្គោល និងព្យុះទី៧ ឈ្មោះ មេខឡា មានគន្លងផ្លូវដើរស្របគ្នាហើយបន្តមានឥទ្ធិពលលើប្រទេសកម្ពុជាបង្កឱ្យភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្រ្តាក់ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៧នេះរហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី២៧ ខែមិថុនានេះថា ព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos)T2608 ដែលគន្លងផ្លូវដើរស្របនឹងព្យុះទី៧ ឈ្មោះ មេខឡា (Mekkhala)T2607 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា។ តែយ៉ាងណា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះនោះទេ។

ស្ថានភាពបែបដូចដែលបានជូនដំណឹងខាងលើ ក្រសួងធនធានទឹក បញ្ជាក់ថា ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្ដាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប់ដណ្តប់លើផ្ទៃដី ៣០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៤៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ ១,៥០ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…