ក្រសួងព័ត៌មាន បានអះអាងថា ការចុះផ្សាយព័ត៌មានថា កោះកុងកំពុងបាញ់គ្នា ជាព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មាន ចាត់ទុកការបង្ហោះផ្សាយព័ត៌មានក្លែងក្លាយនេះ បង្កចលាចលក្នុងសង្គម គឺជាទង្វើខុសច្បាប់។ ដូច្នេះ ក្រសួងសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មាននេះ។
យ៉ាងណាមិញ កាលពីថ្ងៃទី០១ ខែសីហា ក្រសួងព័ត៌មាន បានហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព។ ករណីប្រព្រឹត្តផ្ទុយនឹងសេចក្តីណែនាំនេះ ក្រសួង នឹងមានវិធានការតាមផ្លូវច្បាប់។ ការណ៍នេះ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន សន្តិសុខជាតិ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ចំណែកការព្រមាននេះ ដោយសារក្រសួងបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការផ្សព្វផ្សាយរូបភាពពីសមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ដែលការផ្សព្វផ្សាយនេះ អាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់ យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត
