Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងការងារព្រមានប្រើច្បាប់លើជនដែលទារប្រាក់ពីពលរដ្ឋជាថ្នូរទទួលបានការងារធ្វើ!

Historical original · translation unavailable

ក្រសួងការងារ បានព្រមាននឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតលើជនដែលទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ក្រសួងបានឱ្យកម្មករវិនិយោជិត និងសាធារជនដែលរងគ្រោះប្តឹងមកក្រសួងតាមរយៈលេខ «១២៨៦»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញនៅថ្ងៃទី០៧ ខែសីហា បញ្ជាក់ថា យោងតាមមាត្រា១២៦ មាត្រា២៦០ និងមាត្រា៣៦៩ នៃច្បាប់ស្តីពីការងារ និងមាត្រា៣៧៧ និងមាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ ការទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជនណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងប្រទេសកម្ពុជា គឺជាអំពើល្មើសច្បាប់ បើទោះបីជាការផ្តល់នោះធ្វើឡើងដោយការស្ម័គ្រចិត្តរបស់អ្នកស្នើសុំរកការងារធ្វើក៏ដោយ។


សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកជាអំពើឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែដល់ ៣ឆ្នាំ ស្របតាមក្រមព្រហ្មទណ្ឌ និងត្រូវទទួលការពិន័យជាប្រាក់តាមច្បាប់ស្តីពីការងារ ព្រមទាំងត្រូវទទួលទោសផ្សេងទៀតតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ នេះបើតាមក្រសួងការងារបញ្ជាក់បន្ថែម។

តាមក្រសួងការងារ អធិការការងារ នឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា។

ក្រសួងបានអំពាវនាវដល់កម្មករនិយោជិត និងសាធារណជន ដែលបានរងគ្រោះ ឬបានដឹងអំពីករណីទារប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុ ជាថ្នូរនឹងការទទួលបានការងារធ្វើ សូមប្តឹងមកក្រសួងតាមរយៈប្រព័ន្ធ
Hotline លេខ «១២៨៦» ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីអធិការការងារចាត់វិធានការតាមច្បាប់ជាធរមានចំពោះជនល្មើស៕

ដោយ៖ ង៉ែត ពិសាន្ត


Comments

Loading comments…