កងទ័ពសៀមបានធ្វើការវាយប្រហារលើជនស៊ីវិល និងពិសេសបានព្យាយាមវាយប្រហារកម្ទេចវត្តប្រាសាទតាមាន់សែនជ័យ ដែលស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនៅក្បែរតំបន់ប្រាសាទតាមាន់ថែមទៀត ក្នុងការប្រយុទ្ធឈ្លានពានទឹកដីកម្ពុជាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។
ព្រះអង្គ ឡាយ លន ព្រះគ្រូសង្ឃសូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យបានមានសង្ឃដីកាឱ្យដឹងកាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០២៥ ក្នុងពេលក្រុមអនុព័ន្ធយោធាបរទេសចំនួន៩ប្រទេស សរុបមានចំនួន១៤នាក់ ដែលបានចុះពិនិត្យទីតាំងរងគ្រោះដោយការវាយប្រហារពីសំណាក់កងទ័ពថៃ «កងទ័ពថៃ បានប៉ុនប៉ងកម្ទេចវត្តអារ៉ាមមួយនេះចោល ដោយក្នុងនេះប្រើនូវយុទ្ធសាស្រ្តវាយទាំងតាមយន្តហោះ F-16 និងកំាំភ្លើងធំផ្លោងកម្ទេចទាំងព្រះវិហារ កុដិលោក សាលាឆាន់ រោងបាយ ត្រូវបានធ្លុះធ្លាយអស់គ្មានសល់»។ ព្រះអង្គលើកឡើងថា ការវាយប្រហារយ៉ាងខ្លាំងក្លានេះបានធ្វើឱ្យហេរដ្ឋារចនាសម្ព័ន្ធវត្តទាំងមូលទទួលរងខូចខាតទាំងស្រុង។ យន្តហោះ F-16 របស់កងទ័ពថៃ បានមកវាយប្រហារពីរលើក ដោយមួយលើកៗវាយប្រហារ២គ្រាប់ និងក្រៅពីនេះបានវាយប្រហារដោយគ្រប់ផ្លោងជញ្រ្ជុំគ្រប់ទីតាំងវត្តក្នុងបំណងកម្ទេចគ្រប់កន្លែងក្នុងវត្ត។
ព្រះគ្រូសូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យបានមានសង្ឃដីកាបន្ថែមថា យោធាថៃធ្វើនេះសាហាវហួសហេតុខ្លាំងមែនទែន ដែលមិនគួរណាវាយប្រហារវត្តអារ៉ាម បម្រើលើវិស័យព្រះពុទ្ធសាសនាបែបនេះឡើយ។ ព្រះអង្គចាត់ទុកថាជាទង្វើឧក្រិដ្ឋកម្ម មាន ចិត្តសាហាវយង់ឃ្នងវាយប្រហារលើជនស៊ីវិល និងពិសេសលើវិស័យសាសនា។ ព្រះអង្គក៏អំពាវនាវដល់ពុទ្ធបរិស័ទជួយកសាងវត្តប្រាសាទតាមាន់សែនជ័យឡើងវិញ ហើយព្រះអង្គមិនបោះបង់ចោលជាដាច់ខាត។
ចំណែក លោកតាឈ្មោះ ព្រហ្ម ចិន្តា ជាអ្នកមើលថែប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យបានប្រាប់ឱ្យដឹងដែរថា យោធាថៃមានចិត្តសាហាវឃោរឃៅបំផុតគឺពួកគេបានសម្លាប់តាជីម្នាក់ និងបំផ្លាញគ្រប់ទីតាំងវត្តគ្មានសេសសល់នោះទេ។
គួរបញ្ជាក់ផងដែរថា ការវាយប្រហារពីសំណាក់កងទ័ពថៃឈ្លានពាននេះគឺបានបណ្តាឱ្យតាជីម្នាក់បាត់បង់ជីវិត ហើយក្រៅពីនេះក្រុមយោធាថៃបានបាញ់កម្ទេចសាលាបឋមសិក្សាតាមន្តសែនជ័យ បំផ្លាញស្ថានីយចាក់ប្រេង បាញ់បំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងស្រុក បន្ទាយអំពិល ក្បែរតំបន់ប្រសាទតាមាន់។ លើលពីនេះទៀត យោធាថៃបានទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 និងគ្រាប់បែកចង្កោមល្មើសច្បាប់ មកលើទីតាំងជនស៊ីវិល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥៕
ដោយ៖ KPS99TV






