Skip to main content
Preah Sihanouk Provincial Television
Log in

៦ខែឆ្នាំ២០២៥ខេត្តព្រះសីហនុបង្ក្រាបបទល្មើសបាន២០៦ករណីថយចុះ៩%

Historical original · translation unavailable

រយៈពេល៦ខែឆ្នាំ២០២៥នេះ ខេត្តព្រះសីហនុ មានបទល្មើសកើតឡើងសរុប២១៤ករណី ក្នុងនោះបទឧក្រិដ្ឋ៣៥ករណី និងបទល្មើសមជ្ឈិម១៧៩ករណី។ ក្នុងបទល្មើសទាំងនេះ បង្ក្រាបបាន២០៦ករណី ឃាត់ខ្លួន ៥២៩នាក់ទាំងជនជាតិខ្មែរនិងជនបរទេស ថយចុះ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ លោក ឡុង ឌីម៉ង់ អភិបាលខេត្តព្រះសីហនុ បញ្ជាក់ដូច្នេះ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ។

បើតាមលោក ឡុង ឌីម៉ង់ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ មានលក្ខណៈល្អប្រសើរ គិតត្រឹមរយៈពេល៦ខែឆ្នាំ២០២៥ ដែលភាពប្រសើរនេះស្ដែងឡើងតាមរយៈការថយចុះនៃបទល្មើសផ្សេងៗគួរឱ្យកត់សម្គាល់។ 

ចំពោះគ្រោះថ្នាក់សង្គមវិញ លោក ឡុង ឌីម៉ង់ លើកឡើងថា ក្នុងរយៈពេលដូចគ្នានេះ គ្រោះថ្នាក់សង្គមក្នុងខេត្តព្រះសីហនុ បានកើតឡើងសរុប ២៤៣លើក ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ ៨៥លើក បណ្តាលឱ្យមានមនុស្សស្លាប់ ៦២នាក់ និងរងរបួស ៨៤នាក់ គ្រោះអគ្គិភ័យ ៣៥លើក មានមនុស្សស្លាប់ ៤នាក់ របួស ៣នាក់ និងគ្រោះថ្នាក់ផ្សេងៗបានកើតឡើង១២៣លើក បណ្តាលឱ្យមានមនុស្សស្លាប់ ១២៣នាក់។

ចំណែកការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត បញ្ជាក់ថា អនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណាត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ និងអង្គភាពចំណុះគណៈបញ្ជាការឯកភាពខេត្ត ដាច់ខាតត្រូវបង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ អះអាងថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការបង្រ្កាបក្រុមក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត ក៏ដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម និងពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត នៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលរងរូបនេះ បញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជួយសម្រួលដល់ការងាររបស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងការយាមល្បាត ក៏ដូចជាការជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន រដ្ឋបាលខេត្តក៏បានកសាងនូវកម្លាំងប្រជាការពាររហូតមកដល់ពេលនេះបាន ១.១៥០នាក់ មានការកើនឡើង៨៦នាក់ ដែលកម្លាំងប្រជាការពារទាំងអស់នោះកំពុងតែបំពេញការងារយ៉ាងសស្រាក់សស្រាំបំផុតនៅតាមមូលដ្ឋាន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…