Skip to main content
Preah Sihanouk Provincial Television
Log in

CMACរកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះជាច្រើនដែលត្រូវឱ្យពលរដ្ឋតាមព្រំដែនប្រុងប្រយត្ន័

Historical original · translation unavailable

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានណែនាំឱ្យប្រជាពលរដ្ឋរស់នៅស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ មានប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះជាច្រើនដែលបន្សល់ទុកក្រោយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា។ 

បើតាមឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១៥៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46 នេះចំនួន៥៦ ។ 

កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ បន្តមានហានិភ័យខ្ពស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ នេះបើតាមឯកឧត្តម ហេង រតនា ដែលអះអាងថា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។ 

កម្លាំងអង្គភាព CMAC បានរកឃើញកូនគ្រាប់បែកចង្កោមនៅតាមភូមិសាស្ត្រមួយចំនួន ហើយកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ 

CMAC បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្នុងករណីពលរដ្ឋ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន។ 

សូមជម្រាបថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាន នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…