កម្ពុជាចាប់ផ្តើមការនាំចេញផលិតផលកសិកម្មរបស់ខ្លួនចំនួន ១២តោន ទៅប្រទសអូស្ត្រាលីជាលើកដំបូង ក្នុងនោះមានគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និងនំត្រាវ។ យ៉ាងណាមិញ តាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង ហើយមានផលិតផលកសិកម្មកាន់តែច្រើន។
ពិធីសម្ភោធការដឹកជញ្ជូនផលិតផលកសិកម្មទៅប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដូចជា នាយកដ្ឋានការបរទេស និងពាណិជ្ជកម្ម ប្រទសអូស្ត្រាលី (DFAT) កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង សហគ្រិនខ្មែរ (KE) ក្នុងការជំរុញការនាំចេញផលិតផលដែលផលិតពីកម្ពុជា ដែលមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យកសិ-កែច្នៃរបស់កម្ពុជានាពេលបច្ចុប្បន្ន ខណៈពេលដែលបរិយាកាសនៃការធ្វើពាណិជ្ជកម្មក្នុងពិភពលោកមានភាពមិនច្បាស់លាស់។
ចាប់ផ្តើមពីការធ្វើទស្សនកិច្ចសិក្សា ការគាំទ្របច្ចេកទេស ការទាក់ទងផ្ទាល់ជាមួយអ្នកទិញដូចជា ក្រុមហ៊ុន C.A.G. Wholesaler Pty Ltd និងការអនុលោមតាមបទដ្ឋានស្តង់ដារនិងគុណភាពអន្តរជាតិ ក្រុមហ៊ុន RTT បានផ្តល់ជាគំរូមួយដល់សហគ្រាសផ្សេងទៀតក្នុងការធានាបានការចូលទីផ្សារប្រកួតប្រជែងពិភពលោក។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ដែលពង្រីកវិសាលភាពការនាំចេញរបស់កម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពាណិជ្ជកម្មប្រកបដោយចីរភាព៕
ដោយ៖ ស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ
ដោយ៖ ង៉ែត ពិសាន្ត
