ការហោះហើរសាកល្បងលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដំណើរការជោគជ័យ ខណៈអាកាសយានដ្ឋានអន្តរជាតិនេះគ្រោងដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា។
បើតាមឯកឧត្ដម ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានអះអាងថា «ការហោះហើរសាកល្បងទទួលបានជោគជ័យ យើងធ្វើតេស្តឧបករណ៍ដើរទាំងអស់»។ យន្តហោះ Airbus-320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានហោះហើរសាកល្បងចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ។
ក្នុងដំណើរការហោះហើរសាកល្បងលើកដំបូងនេះធ្វើឡើងដោយមានការចុះត្រួតពិនិត្យបច្ចេកទេស និងឧបករណ៍សម្ភារៈផ្សេងៗក្រោមអធិបតី ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការចូលពីមន្រ្តីអ្នកមុខអ្នកការអមដំណើរជាច្រើននាក់ទៀត។
ឯកឧត្ដមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ក៏បានធ្វើដំណើរទស្សនកិច្ចនៅកន្លែងទទួលសំបុត្រជាកន្លែងឆែកសំបុត្រ ត្រួតពិនិត្យនិងផ្ញើអីវ៉ាន់ដើម្បីត្រៀមហោះហើរ។ មួយវិញទៀត ឯកឧត្ដម បានពិនិត្យទៅលើផ្នែកសន្តិសុខ ជាកន្លែងឆែកឆេរក៏ដូចជាត្រួតពិនិត្យទៅលើបញ្ហាសុខសុវត្ថិភាពរបស់របរហាមឃាត់ដូចជាអាវុធជាតិផ្ទុះ ដើម្បីធានាបាននូវសុវត្ថិភាពដល់សាធារណៈជន និងភ្ញៀវជាតិ-អន្តរជាតិដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិនេះ។
ឯកឧត្ដមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ទោះបីបច្ចុប្បន្នកម្ពុជាមានបញ្ហាអស្ថេរភាពមួយចំនួនដោយសារភាគីថៃវាយប្រហារនៅតាមបន្ទាត់ព្រំដែន ក៏ឯកឧត្ដម រំពឹងថា នៅថ្ងៃអនាគតនឹងកាន់តែរីកចម្រើននូវសេវាទូទៅសម្រាប់ការហោះហើរទៅទីតាំងផ្សេងៗរបស់សាធារណជន ប្រសិនបើយើងអាចផ្ដល់ជូនសេវាគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ចាយទុនសាងសង់ ១៥០០លានដុល្លារអាម៉េរិក គ្រោងដាក់ឱ្យហោះហើរជាផ្លូវការនៅថ្ងៃទិ០៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ (KPS99 TV)
អត្ថបទ ៖ ឡាយ កុល
រូបភាព ៖ ឡាយ កុល













