Skip to main content
Preah Sihanouk Provincial Television
Log in

សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិបានបញ្ចូលជារបៀវារៈក្នុងសម័យប្រជុំរដ្ឋសភាសប្តាហ៍ក្រោយ

Historical original · translation unavailable

សេចក្តីព្រាងច្បាប់ចំនួនពីរ ត្រូវបានដាក់បញ្ចូលជារបៀវារៈក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែសីហា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យនិងអនុម័តឱ្យបន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

រដ្ឋសភា គ្រោងបើកសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

រាជរដ្ឋាភិបាល បានស្នើមករដ្ឋសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ទំាងពីរខាងលើ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានប្រគល់សេចក្តីព្រាងច្បាប់ទំាងពីរនេះ ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា ។ ក្រោយពីគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីរួចរាល់ហើយ ទើបគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែសីហា សប្តាហ៍ក្រោយនេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…