កម្លាំងនគរបាលខេត្តកំពង់ធំ បានបង្ក្រាបត្រីសាមុនជាង៣តោន និងគ្រឿងក្នុងសត្វមាន់ជាង ២តោន ដែលដឹកជញ្ជូនតាមរថយន្តក្រុងមួយគ្រឿងគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ក្នុងនោះ នគរបាលក៏បានរកឃើញទឹកស៊ីអ៊ីវ៤០០លីត្រ និងវ៉ាសាបី ១០០គីឡូក្រាមបន្ថែមទៀតដែរ។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីមានសម្របសម្រួលនិតិវិធីដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ព្រមទាំងមានលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) និងខណ្ឌរដ្ឋបាលជលផល។
ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានរកឃើញសម្ភារវត្ថុតាង រួមមាន៖ ត្រីសាមុន ១៤០កេស ស្មើនឹង ៣០១០គីឡូក្រាម, គ្រឿងក្នុងសត្វមាន់ ២១០ កេស ស្មើនឹង ២៥២០គីឡូក្រាម, ទឹកស៊ីអ៊ីវ ១០០កាន ស្មើនឹង ៤០០លីត្រ និងវ៉ាសាបី ២ កេស ស្មើនឹង ១០០គីឡូក្រាម។
ចំពោះទំនិញខូចគុណភាព និងខុសច្បាប់ទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច បានសម្រេចកម្ទេចចោល និងកសាងនិតិវិធី ដើម្បីស្វែងរកម្ចាស់ទំនិញទាំងនេះមកទទួលខុសត្រូវតាមផ្លូវច្បាប់។ ទន្ទឹមគ្នានេះ លោកស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឱ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងទៅលើសមត្ថភាពជំនាញរបស់ខ្លួន ដើម្បីសុខសុវត្ថិភាពក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






