Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងប្រាប់អ្នកធ្វើដំណើរតាមផ្លូវទឹកឱ្យប្រុងប្រយ័ត្នព្រោះខេត្តជាប់សមុទ្រមានភ្លៀងធ្លាក់ច្រើន

Historical original · translation unavailable

ក្រសួងធនធានទឹកបានអំពាវនាវឱ្យអ្នកធ្វើដំណើរតាមផ្លូវទឹកប្រុងប្រយ័ត្នខ្ពស់ ដោយសារខេត្តជាប់សមុទ្ររួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប មានភ្លៀងធ្លាក់ច្រើន ខណៈរលកសមុទ្រមានកម្ពស់ដល់១,៧៥ម៉ែត្រ។

ការអំពាវនាវធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២១ សីហា ដោយសារសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និងកម្ពុជា ធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

បើតាមក្រសួង បញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។

ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅ ច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករខាងលើ ក្រសួងធនធានទឹក សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក។ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថាន ភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…