រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
បើតាមឯកឧត្តម ស សុខា យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។
បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បាននិងកំពុងបន្តវេនដឹកនាំប្រទេសជាតិយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានបន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ។
ឯកឧត្តម បានបញ្ជាក់ថា ភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនាទាំងអស់នៅកម្ពុជា តែងតែរួមរស់ជាមួយគ្នាដោយសុខសាន្ត និងមានសាមគ្គីភាព សហការល្អគាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់ ពោលគឺបានរួមគ្នាជាធ្លុងមួយ ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

