Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ម៉ាង ស៊ីណេត៖ ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់ខេត្តព្រះសីហនុ

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែសីហានេះបានលើកឡើងថា «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់ខេត្តព្រះសីហនុ» បន្ទាប់ពីបានប្រកាសបើកដំណើរការសាកល្បងនៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កស៊ីរបស់ក្រុមហ៊ុនហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) នៅខេត្តព្រះសីហនុ។

ពិធីបើកនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ អភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព លោក ស៊ុន លាំង (SUN LIANG) អគ្គនាយកក្រុមហ៊ុនហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) និងគណៈគ្រប់គ្រងបុគ្គលិកក្រុមហ៊ុនផ្សេងទៀត។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ាង ស៊ីណេត បានរំលេចថាការដាក់ឱ្យដំណើរការសាកល្បងនៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កស៊ីរបស់ក្រុមហ៊ុនហូលិ ស្ទៀល ខេមបូឌា ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសកំពុងរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងស្មារតីជាតិនិយម ដើម្បីការពារបូរណភាពទឹកដីមាតុភូមិឱ្យបាននៅគង់វង្សស្ថិតស្ថេរជាអមតៈ ដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមករំលោភបំពានបានឡើយ។

ទន្ទឹមនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ពីទស្សនៈ និងគោលដៅរបស់រដ្ឋបាលខេត្តថា «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់ខេត្តព្រះសីហនុ» ខណៈការដាក់ឱ្យដំណើរការសាកល្បងនៃខ្សែចង្វាក់ផលិតកម្មនេះគឺជា សក្ខីភាពថ្មីបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ 

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន លាំង (SUN LIANG) អគ្គនាយកក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា(HUALE STEEL CAMBODIA) បានអោយដឹងថា ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឈានមុខគេលំដាប់អន្តរជាតិ ដំណើរការផលិតដោយស្វ័យប្រវត្តិយ៉ាងពេញលេញ និងមានសិប្បកម្មដែលមានភាពជាក់លាក់ខ្ពស់។ នៅពេលអនាគត ក្រុមហ៊ុននឹងបន្តផលិត ដែកដែលមានគុណភាពខ្ពស់ ជាមួយនឹងពណ៌ចម្រុះជាច្រើន មិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកផលិតផលដែលផលិតនៅប្រទេសកម្ពុជានាំចេញទៅកាន់តំបន់អាស៊ាន អូស្ត្រាលី អឺរ៉ុប សហរដ្ឋអាមេរិក រួមចំណែកដល់គម្រោងសាងសង់ជាច្រើនទៀត។

សូមជម្រាបដែរថា ការដំណើរការអាជីវកម្មរបស់ ក្រុមហ៊ុនហូលិ ស្ទៀល ខេមបូឌា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

ស្ថានីយទូរទស្សន៍ KPS99 TV ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…