កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងពង្រីកទីចំណតរថយន្តបណ្តោះអាសន្ន ការកសាងកំពង់ផែទឹកជ្រៅបន្ថែមដែលអាចផ្តល់ឱ្យនាវាខ្នាតធំសំចតក្នុងការផ្ទុកទំនិញបានច្រើន ដឹកជញ្ជូនឆ្ពោះត្រង់មកកម្ពុជា ដើម្បីកាត់បន្ថយតម្លៃឡូជីស្ទីក និងឆ្លើយតបនៃការកើនឡើងទំនិញនាពេលអនាគត។
លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងបែបនេះកាលពីថ្ងៃទី២១ ខែសីហា ក្នុងដំណើរទស្សនកិច្ចរបស់លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដឹកនាំប្រតិភូអញ្ជើញទៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ដើម្បីឈ្វេងយល់អំពីសក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍនៃកំពង់ផែសេដ្ឋកិច្ចលំដាប់លេខ១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។
លោក ថៃ ឬទ្ធី បានបញ្ជាក់ថា ទំហំទំនិញមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ទាំងការនាំចេញ និងនាំចូល កំពង់ផែ បានពង្រីកទីតាំងចំណតនាវា ទីលានដាក់ទូកុងតែន័រ ឃ្លាំងទំនិញ និងបានធ្វើទំនើបកម្មលើការលើកដាក់ទំនិញ និងបរិក្ខាគាំទ្រជាច្រើនផ្សេងទៀត ដើម្បីឱ្យសមស្របបរិមាណនៃខ្សែច្រវាក់ផ្គត់ផ្គង់។
លោកអគ្គនាយករងកំពង់ផែ បានលើកឡើងពីការចូលរួមរបស់សមាគមក្នុងតួនាទីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗជាមួយគ្នា និងធ្វើយ៉ាងណាឱ្យប្រសើរឡើងក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






