រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈលោក សាមុត សុធារិទ្ធ អភិបាលរង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងនាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ៨៩នាក់ នៅផ្សារសាមគ្គីកោះគ្រួស ភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
លោក សាមុត សុធារិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះពលករដែលបានវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ ជាពិសេសការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងយកឡានទៅទទួលបងប្អូនពលករខ្មែរនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដឹកជញ្ជូនមកកាន់ស្រុកកំណើតវិញ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនានាជួយសម្របសម្រួលនូវឯកសារពាក់ព័ន្ធនានា ដើម្បីឱ្យបងប្អូនចូលបំរើការងារនៅតាមរោងចក្រ សហគ្រាសនានាក្នុងខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ នៅមានកន្លែងការងារជាង ៦ ០០០កន្លែងនៅរង់ចាំទទួលបងប្អូន។
លោកអភិបាលរងខេត្ត បញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលរៀបចំផែនការមេ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ទន្ទឹមនោះរាជរដ្ឋាភិបាល បានបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេស ដើម្បីឱ្យយុវជនរបស់យើងបានចូលរៀនវគ្គបណ្តុះបណ្តាលឱ្យមានចំណេះ ជំនាញច្បាស់លាស់ ដើម្បីបង្កើនធនធានមនុស្ស ស្របទៅនឹងគោលនយោបាយបញ្ជកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតសំខាន់ទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកអភិបាលរងខេត្ត បន្តថា ខេត្តព្រះសីហនុ មានការងារជាង ៦ពាន់កន្លែងនៅរង់ចាំទទួលបងប្អូន ទន្ទឹមនោះរដ្ឋបាលខេត្តចង់ឱ្យបងប្អូនងាកមករកការងារធ្វើនៅស្រុក ដើម្បីបង្កើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ហើយបច្ចុប្បន្នកម្ពុជានៅខ្វះកម្លាំងពលកម្មជាច្រើននៅតាមបណ្តារោងចក្រ ព្រោះទីផ្សារនៅក្នុងស្រុកនៅខ្វះកម្លាំងពលកម្មជាច្រើន។ ទន្ទឹមនោះ រាជរដ្ឋាភិបាល បានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធមននិវត្តន៍ជូនដល់បុគ្គលិក កម្មករដែលបំរើការងារនៅតាមរោងចក្រ សហគ្រាស និងការងារក្រៅប្រព័ន្ធទទួលបាននូវអត្ថប្រយោជន៍ ៣យ៉ាង។ ក្នុងនោះរួមមាន៖ ១.អត្ថប្រយោជន៍ផ្នែកសុខភាព ២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ ៣.ប្រាក់សោធននិវត្តន៍ ហើយកម្មករ និយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការដែរ។
លោក សាមុត សុធារិទ្ធ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ៨៩នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតមួយកញ្ចប់ ( ក្រមា១ សារុង១ មុង១ ភួយ១ ) និងថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនពលករទាំង ៨៩នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។
សូមជម្រាបថា បើតាមរបាយការណ៍របស់លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៤ ខែមិថុនារហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលក្រុងទទួលពលករចំណាកស្រុកមកពីប្រទេសថៃចំនួន ១១៣នាក់ (ស្រី ៤៧នាក់) ក្នុងនោះ សង្កាត់បិតត្រាំងមានចំនួន ២៦នាក់ (ស្រី ១១នាក់), សង្កាត់រាម ចំនួន ៤៨នាក់ (ស្រី ២២នាក់), សង្កាត់អូរឧកញ៉ាហេង ១៩នាក់ (ស្រី ០៩នាក់), សង្កាត់បឹងតាព្រហ្មចំនួន ០៦នាក់ (ស្រីម្នាក់) និងសង្កាត់អូរជ្រៅចំនួន ១៤នាក់ (ស្រី ០៤នាក់)។
ក្នុងចំណោមពលករចំណាកស្រុកមកពីប្រទេសថៃទាំង ១១៣នាក់ ពួកគាត់ប្រកបមុខរបរផ្ទាល់ខ្លួនចំនួន ១៦នាក់ (ស្រី ០៥នាក់) មានការងារធ្វើចំនួន ៥១នាក់ (ស្រី ២០នាក់) មិនទាន់មានការងារ ០៤នាក់ (ស្រីម្នាក់) សុំសម្រាក ០៦នាក់ ហើយអ្នកកំពង់ស្វែងរកការងារ ១១នាក់ (ស្រី ០៦នាក់) និងពលករធ្វើដំណើរទៅកាន់ខេត្តផ្សេង០៥នាក់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











