ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមធិបតីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាបរិវេណបុរីវប្បធ៌មកោះសំពៅមាស ទីរួមខេត្តពោធិ៍សាត់។
លោកអភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ប្រតិបត្តិអនាម័យជាក់ស្ដែងនៅក្នុងខេត្តពោធិ៍សាត់ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យស្មើនឹង ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៩៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម ៦% ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តមានភាពរីកចម្រើន ក្នុងនោះក៏មានការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅតាមរយៈការបរិភោគ និងប្រើប្រាស់ទឹកស្អាតផងដែរ។
ជាមួយគ្នានេះ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា បានបង្ហាញការអបអរសាទរ និងមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តពោធិ៍សាត់ ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេសនៅឆ្នាំ ២០៣០ ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិតេយ្យភាព និងបូរណៈភាពទឹកដី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងបញ្ជាក់ពីយុទ្ធសាស្ដ្រគន្លឹះទាំង ៥ របស់ក្រសួង ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គឺកើតចេញពីរគុណបំណាច់នៃ “សុខសន្តិភាព” ដែលបានមកពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោមការបន្តវេនដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមដូចពាក្យថា “មានសន្តិភាព ទើបមានការអភិវឌ្ឍ” ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









