(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី ប្រ៊ីដហ្គេត អិល វ៉កឃើ (Bridgette L.Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញលើកស្លាកអបអរសាទរខួប ៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋអាម៉េរិក។
សហរដ្ឋអាម៉េរិកមានមោទនភាពដែលបានឧបត្ថម្ភការសាងសង់ផ្លូវមិត្តភាពខ្មែរ-អាមេរិក (ផ្លូវជាតិលេខ៤) នៅទសវត្សរ៍ ១៩៥០ ដើម្បីជានិមិត្តរូបនៃមិត្តភាព និងភាពជាដៃគូចីរកាល។
ប្រធានបទសម្រាប់ដំណើរទស្សកិច្ចការងារនេះគឺ «សប្តាហ៍ស្ថានទូតនៅខេត្តព្រះសីហនុ ឆ្នាំ២០២៥៖ ខួបទី៧៥ នៃភាពជាដៃគូ និងមិត្តភាព» ដែលជាឱកាសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បង្កើនទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនអាម៉េរិក បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ផ្តល់ការបណ្តុះបណ្តាលលើការកសាងសមត្ថភាពរបស់មន្ត្រីមានសមត្ថកិច្ច និងសន្តិសុខ គាំទ្រគម្រោងអភិវឌ្ឍសុខភាព និងផ្តល់សេវាផ្នែកកុងស៊ុលដល់ពលរដ្ឋអាមេរិក នៅខេត្តព្រះសីហនុ៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត







