Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកសារព័ត៌មានអាស៊ី ចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍អំពីជម្លោះ» នៅខេត្តសៀមរាប

Historical original · translation unavailable

សៀមរាប៖ អ្នកសារព័ត៌មានមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន សិង្ហបុរី និងកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍អំពីជម្លោះ» (Safety and Risk Management in Conflict Reporting) ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

សិក្ខាសាលានេះ ត្រូវបានបើកក្នុងព្រឹកថ្ងៃទី២៨ ខែសីហា ក្រោមវត្តមានឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន និងឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន។

ឯកឧត្តម ហាស់ សំអាត បានមានប្រសាសន៍ថា ការរាយការណ៍អំពីជម្លោះ គឺជាការងារដែលមានហានិភ័យខ្ពស់ តែជាប្រភពព័ត៌មានសំខាន់សម្រាប់សង្គម។ ដូច្នេះ ការផ្តល់ចំណេះដឹង និងបច្ចេកទេសដល់អ្នកសារព័ត៌មាន អំពីការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យ គឺជាជំហានសំខាន់ក្នុងការធានាថា ព័ត៌មានត្រូវបានបង្ហោះឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងមានសុវត្ថិភាព។ 

ខណៈឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងថា ការងារសារព័ត៌មាននៅពេលមានជម្លោះ មិនត្រឹមតែតម្រូវឲ្យមានភាពរឹងមាំផ្នែកវិជ្ជាជីវៈទេ ប៉ុន្តែត្រូវការការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ ការសិក្សាដោយមានប្រព័ន្ធ និងការចែករំលែកបទពិសោធន៍ក្នុងកម្រិតតំបន់ នឹងជួយអោយអ្នកសារព័ត៌មានទាំងអស់អាចបំពេញភារកិច្ចបានប្រសើរជាងមុន។

សិក្ខាសាលានេះ មានគោលបំណងចម្បងក្នុងការផ្តល់ចំណេះដឹង និងបច្ចេកទេសអនុវត្តអំពីការគ្រប់គ្រងសុវត្ថិភាព និងការប្រឈមនឹងហានិភ័យក្នុងអំឡុងពេលរាយការណ៍អំពីជម្លោះ ដើម្បីជួយឱ្យអ្នកសារព័ត៌មានមានសមត្ថភាព ការយល់ដឹង និងភាពរឹងមាំក្នុងការបំពេញភារកិច្ចផ្តល់ព័ត៌មាន ដោយគោរពតាមវិជ្ជាជីវៈ និងមានសុវត្ថិភាពខ្ពស់។

ដោយ៖ KPS99TV

Comments

Loading comments…