Skip to main content
Preah Sihanouk Provincial Television
Log in

ប្រព័ន្ធទឹកស្អាតតម្លៃជិត៦ពាន់ដុល្លារជាជំនួយរបស់តារារ៉េប វណ្ណដា និងក្រុមហ៊ុនរ៉ូយ៉ាល់ សែនបានប្រគល់ជូនសាលារៀនមួយនៅកោះរ៉ុង

Historical original · translation unavailable

Summary

(កោះរ៉ុង) ៖ ប្រព័ន្ធទឹកស្អាតតម្លៃជាង៦ពាន់ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាសុខសាន្ដកោះរ៉ុង ស្ថិតនៅភូមិសុខសាន្ដ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ។ ពិធីប្រគល់-ទទួល បានធ្វើឡើងដោយលោក Mario Piazza តំណាងក្រុមហ៊ុនរ៉ូយ៉ាល់ សែន និងលោកគ្រូ យ៉ង់ រតនា នាយកសាលាបឋមសិក្សាសុខសាន្ត ក្រោមវត្តមានលោក រាជ សុវណ្ណ អភិបាលក្រុងស្តីទី ក្រុងកោះរ៉ុង។អំណោយជាប្រព័ន្ធទឹកស្អាតនេះជាជំនួយរបស់តារារ៉េប វណ្ណដា និងអ្នកគាំទ្រទឹកប្រាក់ចំនួនជិត ៥ពាន់ដុល

(កោះរ៉ុង) ៖ ប្រព័ន្ធទឹកស្អាតតម្លៃជាង៦ពាន់ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាសុខសាន្ដកោះរ៉ុង ស្ថិតនៅភូមិសុខសាន្ដ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ។ ពិធីប្រគល់-ទទួល បានធ្វើឡើងដោយលោក Mario Piazza តំណាងក្រុមហ៊ុនរ៉ូយ៉ាល់ សែន និងលោកគ្រូ យ៉ង់ រតនា នាយកសាលាបឋមសិក្សាសុខសាន្ត ក្រោមវត្តមានលោក រាជ សុវណ្ណ អភិបាលក្រុងស្តីទី ក្រុងកោះរ៉ុង។

អំណោយជាប្រព័ន្ធទឹកស្អាតនេះជាជំនួយរបស់តារារ៉េប វណ្ណដា និងអ្នកគាំទ្រទឹកប្រាក់ចំនួនជិត ៥ពាន់ដុល្លារអាម៉េរិក (៤៩២៥.៤៥ដុល្លារ) និងក្រុមហ៊ុនរ៉ូយ៉ាល់ សែន និងភ្ញៀវដែលស្នាក់នៅរីសតនេះចំនួនជិត១ពាន់ដុល្លារអាម៉េរិក (៩៧៦.៤ដុល្លារ)។

លោក Mario Piazza អនុប្រធានសមាគមសណ្ឋាគារកម្ពុជា ប្រចាំខេត្តព្រះសីហនុ និងប្រជុំកោះ និងជាអ្នកគ្រប់គ្រងទូទៅនៃរីសត រ៉ូយ៉ាល់ សែន បានគូសបញ្ជាក់ថា កុមារគ្រប់រូបស័ក្កិសមនឹងទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ហូប។ ក្នុងន័យនេះលោកសង្កត់ធ្ងន់ថា៖ «ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ទឹកគឺជាគ្រឹះនៃជិវិត ហើយការធានាថាសិស្សានុសិស្សរបស់យើងអាចផឹកទឹកប្រកបដោយសុវត្ថិភាពជារៀងរាល់ថ្ងៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាព សុខុមាលភាព និងការអប់រំរបស់ពួកគេ»។

បើតាមលោកអនុប្រធានសមាគមសណ្ឋាគារកម្ពុជា នៅពេលកូនក្មេងមានសុខភាពល្អ ពួកគេកាន់តែពូកែ ពួកគេលូតលាស់កាន់តែខ្លាំង និងមានក្ដីស្រមៃកាន់ធំ។ ម្លោះហើយ ទើប The Royal Sands Koh Rong ប្ដេជ្ញាចិត្តនាំយកគម្រោងនេះទៅប្រគល់ជូនបឋមសិក្សាខាងលើ ដើម្បីឱ្យសិស្សានុសិស្សនៅតំបន់នោះប្រើប្រាស់គ្រប់គ្នាប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។

ជាការដឹងគុណ លោក Mario Piazza បានថ្លែងអំណរគុណចំពោះតារារ៉េបលោក វណ្ណដា និងភ្ញៀវដែលចូលមកស្នាក់នៅរីសតទាំងអស់ដែលបានបរិច្ចាកថវិកាដើម្បីរួមចំណែកធ្វើឱ្យគម្រោងប្រព័ន្ធទឹកស្អាតនេះសម្រេចបានជោគជ័យ។ និងថ្លែងអំណរគុណក្រុមការងារ ដៃគូសហការ និងថ្នាក់ដឹកនាំរបស់សាលាដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសមិទ្ធិផលនេះលេចចេញជារូបរាងឡើង។

«ប្រព័ន្ធទឹកស្អាននេះត្រូវបានសាងសង់ឡើងសម្រាប់ប្អូនៗ។ សូមប្រើប្រាស់វាដោយឈ្លាសវៃ ដោយក្ដីស្រលាញ់ ការយកចិត្កទុកដាក់ខ្ពស់ និងក្ដីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្អូនៗ»។ នេះជាការលើកឡើងបន្ថែមរបស់លោកអនុប្រធានសមាគមសណ្ឋាគារកម្ពុជា ដែលបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះមិនត្រឹមតែជាការប្រគល់និងទទួល ប្រព័ន្ធទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្ដើមនៃគំនិតផ្ដួចផ្ដើមជាច្រើនទៀតដែលបន្ដជួយដល់ការអប់រំ សុខភាព និងនិរន្ដរភាពសម្រាប់សហគមន៍ និងកោះរបស់យើង»។

ទន្ទឹមនឹងការទទួលបានប្រព័ន្ធទឹកស្អាតសម្រាប់ឱ្យសិស្សានុសិស្សប្រើប្រាស់នាពេលនេះ លោកនាយកសាលាបឋមសិក្សាសុខសាន្ដកោះរ៉ុង តំណាងឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ១៣០នាក់ បានបង្ហាញអារម្មណ៍រំភើបរីករាយដែលសាលាទទួលបានសមិទ្ធិផលដ៏ត្រចះត្រចង់នេះ និងថ្លែងអំណរគុណក្រុមហ៊ុន The Royal Sands Koh Rong ដែលបានប្រគល់ប្រព័ន្ធទឹកស្អាតសម្រាប់ឱ្យសិស្សានុសិស្សប្រើប្រាស់ព្រមទាំងប្ដេជ្ញាចិត្តក្នុងការប្រើប្រាស់ប្រព័ន្ធទឹកស្អាតនេះឱ្យស្របតាមតម្រូវការជាក់ស្ដែងផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ ៖ ឡាយ កុល

រូបភាព ៖ ឡាយកុល និង កែវ ដារ៉ា

Comments

Loading comments…