ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាធនាគារមានប្រតិបត្តិការ និងបទពិសោធន៍ផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ បានចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើបនៅកម្ពុជា។ការបង្ហាញចំណាប់អារម្មណ៍បែបនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក ពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី០១ ខែកញ្ញា នៅទីក្រុងធានជីង ប្រទេសចិន។ លោកប្រធានក្រុមប្រឹក្សាភិបាល បានអះអាងថា ធនាគារ AIIB ក៏មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជាផងដែរ។
ឆ្លើយតបនឹងការបង្ហាញចំណាប់អារម្មណ៍របស់ធនាគារ AIIB សម្ដេចបវរធិបតី បានស្វាគមន៍ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែម។
ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍដូចជាផ្លូវ ថ្នល់ និងស្ពានជាដើម។ សម្ដេចធិបតីបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបង្ហាញពីអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗរហូតមកដល់បច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។
មិនតែប៉ុណ្ណោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត













