Skip to main content
Preah Sihanouk Provincial Television
Log in

ACU រកឃើញថា «វិញ្ញាសាគណិតវិទ្យា» ដែលបានបង្ហោះពិតជាដូចវិញ្ញាសាដែលប្រឡងនៅថ្ងៃ២៩សីហា ប្រមាណ ៨០-១០០%

Historical original · translation unavailable

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរកឃើញថា «វិញ្ញាសាគណិតវិទ្យា» ដែលបានបង្ហោះពិតជាដូចវិញ្ញាសាដែលប្រឡងនៅថ្ងៃ ២៩ សីហា ប្រមាណ ៨០-១០០%។ ACU នឹងបន្តស្រាវជ្រាវបន្តទៀតដើម្បីស្វែងរកភត្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយពីប្រភពដែលបានថតនូវវិញ្ញាសាទាំងនោះ ដែលជាការហាមឃាត់របស់ក្រសួងអប់រំ។

អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញលទ្ធផលដំបូងថា រាល់ទម្រង់រូបវិញ្ញាសាប្រឡងដែលបានបង្ហោះ ទោះជារូបភាពអត្ថបទវិញ្ញាសាវាយឡើងវិញក្តី ការបង្ហោះជារូបព្រាលៗក្តី ការបង្ហោះរូបវិញ្ញាសាច្បាស់មានហត្ថលេខាសង្ខេប (Griff) របស់រដ្ឋមន្ត្រីក្រសួងអប់រំ ឬគ្មានហត្ថលេខាសង្ខេបក្តី ACU បានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី 29/08-2025 ម៉ោង 14:00 – 16:30 ប្រាកដមែន (ដូចពី 80% ទៅ 100%)។

បើតាមសេចក្តីជូនដំណឹង ACU បានបន្តទៀតថា រូបភាពដែលបានបង្ហោះក្នុងបណ្តាញសង្គមដែល ACU បានប្រមូលមកបាន មានខ្លឹមសារដូចនឹងវិញ្ញាសាពិតទាំងស្រុង ដោយជាការថតចំពីលើត្រង់ ឬថតត្រង់ចំពីមុខដោយមានការតម្រឹម (Crop) ផ្នែកក្បាលចេញ លើកលែងតែ រូបវិញ្ញាសាមួយក្នុងចំណោម៤នោះ ដែលមានក្បាលពេញលេញដូចគ្នាទាំងស្រុងតែម្តងជាមួយនឹងសំណៅវិញ្ញាសាដើម។ តាមរយៈលទ្ធផលដំបូងនេះ ACU បានពិចារណាពីរចំណុចថា រូបវិញ្ញាសាពិត 100% រូបច្បាស់ៗ គ្មានព្រាលៗ ដែលបានបង្ហោះ បង្ហាញមានហត្ថលេខាសង្ខេប (Griff) របស់រដ្ឋមន្ត្រី ក្រសួងអប់រំ ប្រការនេះអាចមានន័យថា រូបនេះមិនត្រូវបានថតពេលដំណាក់កាលតាក់តែងវិញ្ញាសាពីគ្រូផ្សេងៗ ឬនៅដំណាក់កាលប្រមូលផ្តុំ និងជូនដល់ថ្នាក់ដឹកនាំក្រសួង១រូប (អនុរដ្ឋលេខាធិការ) ដើម្បីគោរពជូនរដ្ឋមន្ត្រី ពិនិត្យ និងសម្រេចហើយមានហត្ថលេខាសង្ខេប។

ACU បានគូសបញ្ជាក់ថា ក្រោយដំណាក់កាលរដ្ឋមន្ត្រីហើយ ដំណាក់កាលក្រោយៗនេះសុទ្ធតែមានលទ្ធភាពបែកធ្លាយ (លួចថតបាន) ដូចជានៅដំណាក់កាលថតចម្លង, ដំណាក់កាលបញ្ចូលក្នុងស្រោមសំបុត្រនីមួយៗចំនួន ១០០ សន្លឹក សម្រាប់៤ថ្នាក់, ដំណាក់កាលបញ្ចូល វិញ្ញាសា ២០សន្លឹក ក្នុងស្រោមសំបុត្រដោយឡែកសម្រាប់បម្រុង, ដំណាក់កាលវេចខ្ចប់ចូលជាកញ្ចប់ធំៗសម្រាប់មណ្ឌលនីមួយៗ ហើយដាក់ក្នុងហិបចាក់សោយកមករក្សាទុកនៅវិទ្យាស្ថានជាតិអប់រំ។ ដំណាក់កាលបន្តមកទៀតក្រោយវិញ្ញាសាត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលប្រឡង អាចមានលទ្ធភាពលួចថតវិញ្ញាសាគណិតវិទ្យាបាន ពិសេសសម្រាប់ថ្នាក់ណាដែលមានបេក្ខជនអវត្តមាន (មិន គ្រប់ ២៥នាក់) ក្រដាសវិញ្ញាសាថ្មីមិនទាន់សរសេរឈ្មោះបេក្ខជនដែលសល់ ១ ឬ ២ សន្លឹក នោះ គឺជាកម្មវត្ថុដែលអ្នកណាដែលមានទូរសព្ទដៃក្នុងបរិវេណមណ្ឌលប្រឡងជាអ្នកលួចថតបាន។ អ្នកមានសិទ្ធកាន់ទូរសព្ទចូលក្នុងមណ្ឌល បានរួមមាន ប្រធានមណ្ឌល, ប្រធានអប្បមាទ, ប្រធានគណៈមេប្រយោគប្រចាំមណ្ឌល, ប្រធានសន្តិសុខប្រចាំមណ្ឌល, មន្ត្រី អ.ប.ព., និងអ្នកសង្កេតការណ៍ជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…