ក្រុមអង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ និងខេត្តកោះកុង បានអញ្ជើញមកជួបជុំគ្នានៅខេត្តព្រះសីហនុ ក្នុងវេទិកាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពក្នុងបរិបទថ្មី»។ ក្នុងនោះ អង្គការសង្គមស៊ីវិលទាំងពីរខេត្តនេះ បានប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងស្នើថៃឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដោយឥតលក្ខខណ្ឌ។
វេទិកានេះ បានរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ក្រោមធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស និងលោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍ និងសហជីព រួមទាំងមន្រ្តីអ្នកមុខអ្នកការច្រើនរូបទៀត។
ជាមួយគ្នានេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានកត់សម្គាល់ឃើញថា អង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការលើកម្ពស់ការកសាងសមត្ថភាព ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីភាពសុខសាន្ត និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក៏បានចូលរួមអភិវឌ្ឍខេត្តព្រះសីហនុឱ្យមានការរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តធ្វើសកម្មភាពរបស់ខ្លួន ដោយគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ មន្ទីរ-អង្គភាព និងអាជ្ញាធរថ្នាក់ក្រោមជាតិ។
បើតាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលទាំងក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តយកចិត្តទុកដាក់ខ្ពស់ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមចក្ខុវិស័យនិងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
មិនតែប៉ុណ្ណោះ ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាព និងការបង្កើនទំនុកចិត្តពីសំណាក់សាធារណជននិងម្ចាស់ជំនួយ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តគោរពច្បាប់ជាធរមាន ដើម្បីបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍដោយចីរភាព។
ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលដដែល បានជំរុញឱ្យអង្គការសង្គមស៊ីវិលត្រូវតែបន្តស្មារតីរួមសាមគ្គី និងបង្កើនស្មារតីស្នេហាជាតិ ព្រមទាំងជឿជាក់ចំពោះការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល តាមរយៈយន្ដការការទូត និងសន្ដិវិធី ដើម្បីលើកស្ទួយកិត្យានុភាពជាតិ និងឧត្តមប្រយោជន៍ជាតិ។
ទន្ទឹមនឹងនោះ អង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ និងខេត្តកោះកុង បានបង្ហាញស្មារតីសាមគ្គីជាធ្លុងមួយ ដោយបានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
ក្រុមអង្គការសង្គមស៊ីវិល ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងអំពើឈ្លានពាន យ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ដែលនេះជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្ដរជាតិពាក់ព័ន្ធ។
បន្ថែមពីនេះ អង្គការសង្គមស៊ីវិលទាំងពីរខេត្តនេះ ក៏បានអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិនានា ជួយអន្ដរាគមន៍ជំរុញឱ្យរដ្ឋាភិបាល និងយោធាថៃគោរពអនុវត្តបទឈប់បាញ់ ដែលជាការធានាសន្តិភាពយូរអង្វែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងជាការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់ ព្រមទាំងដោះលែងដោយឥតលក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានកងទាហានថៃចាប់ខ្លួនដោយខុសច្បាប់ និងជាការរំលោភបំពានលើបទឈប់បាញ់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ឡាយ កុល

















