Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងទេសចរណ៍ប្រាប់ឱ្យប្រតិបត្តិកររក្សាតម្លៃផលិតផលនិងសេវាកម្មអំឡុងពេលកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

Historical original · translation unavailable

តាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍បានឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់រក្សាតម្លៃផលិតផលនិងសេវាកម្មឱ្យបានសមរម្យនៅអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។ សេចក្តីណែនាំចេញនៅថ្ងៃទី០២ ខែកញ្ញា បានបញ្ជាក់ថា ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានអធិកអធមស្រមតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្រសួងបានដាក់ចេញឱ្យប្រតិបត្តិករទេសចរណ៍ពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់។

«ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាមមូលដ្ឋានអាជីវកម្ម»។ នេះបើតាមក្រសួងទេសចរណ៍ ខណៈពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ដែលពិធីនេះ ជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ម៉្យាងទៀត ក្រសួង ក៏បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុណាមួយ ដោយសារការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន និងអគ្គិសនីជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…