«សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ»។ នេះបើតាមក្រសួអពាណិជ្ជកម្ម ខណៈកសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តកណ្ដាល ត្រូវបានដាក់លក់នៅផ្សារផលិតផលខ្មែរខេត្តកណ្ដាល។ ផ្សារនេះ បាននិងកំពុងដំណើរការនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅច្រមុះជ្រូកក្រុងតាខ្មៅ។
ផ្សារលក់ផលិតផលខ្មែរនេះ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំនិងគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម។
ផ្សារផលិតផលខ្មែរបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។
បើតាមក្រសួងពាណិជ្ជកម្ម ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរឡើង៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
















