ពិព័រណ៌ផលិតផលខ្មែរ គ្រោងរៀបចំធ្វើនៅថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាទីក្រុងភ្នំពេញ។ ពិព័រណ៍នេះ នឹងធ្វើឡើងក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៨ ខែកញ្ញា បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹង និងបណ្តុះស្មារតីចូលរួមជំរុញ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអញ្ជើញលោក លោកស្រី ជាអាជីវករ ផលិតករ ពាណិជ្ជករ និងសាធារណជនទូទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើឱ្យបានច្រើនកុះករ និងសូមចូលរួមគាំទ្រលើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ដើម្បីបង្ហាញមោទនភាពជាតិខ្មែរ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











