(កោះកុង)៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ជាលើកទី២ នៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលមហោស្រព ខេត្តកោះកុងដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
គួររម្លឹកថា កម្ពុជា-ថៃ បានព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ បទឈប់បាញ់នេះបានធ្វើឡើងបន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ក្រោយពេលកងទ័ពថៃចូលឈ្លានពានទឹកដីកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ









