Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុមហ៊ុនចិនចង់វិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

Historical original · translation unavailable

តំណាងក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន (SINOMACH) បានចាប់អារម្មណ៍វិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយសន្យានាំយកគ្រឿងម៉ាស៊ីននិងគ្រឿងចក្រទំនើបៗ ហើយសហការជាមួយសហគ្រាសក្នុងស្រុកដើម្បីជំរុញការផលិត។

ក្នុងជំនួបពិភាក្សាអំពីឱកាសពង្រឹងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៩ កញ្ញា តំណាងក្រុមហ៊ុនបានកោតសរសើរកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីដែលមានទំហំធំ និងមានគុណភាពខ្ពស់ ថែមទាំងចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន ខណៈឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ជា"អធិរាជនៃស្វាយចន្ទី" សម្រាប់ពិភពលោក។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការកែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់តម្លៃសម្រាប់អនុវិស័យនេះ។

ឯកឧត្តមជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាពនិងគុណភាពជាអាទិភាព ហើយក្រសួងឧស្សាហកម្មបានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធរួចជាស្រេច។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការលើការបណ្តុះបណ្តាលកសិករធ្វើសមាហរណកម្មខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់ផលិតភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍអនុវិស័យស្វាយចន្ទីរបស់កម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…