Skip to main content
Preah Sihanouk Provincial Television
Log in

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ដៃគូជាមួយវិទ្យាស្ថានលំដាប់អន្តរជាតិ CII ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា

Historical original · translation unavailable

(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Chartered Insurance Institute(CII) ដើម្បីជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។

ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកស្រី Holly Porter នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Chartered Insurance Institute(CII)។   បើតាមលោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វិទ្យាស្ថាន Chartered Insurance Institute(CII) គឺជាវិទ្យាស្ថានជំនាញធានារ៉ាប់រង ដែលមានមូលដ្ឋាននៅទីក្រុងឡុង ចក្រភពអង់គ្លេស និងមានសាខានៅទីក្រុងហុងកុង។

ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលដៅពង្រឹងធនធានមនុស្ស និងជំនាញធានារ៉ាប់រងនៅកម្ពុជា ដោយសារវិទ្យាស្ថាននេះ មានឯកទេសក្នុងការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងនៅលើពិភពលោក។   លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងបន្ថែមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ស្ថាប័នទាំងពីរ នឹងពិនិត្យរួមគ្នាក្នុងការពង្រឹងតាមមុខជំនាញធានារ៉ាប់រងដែលវិទ្យាស្ថាន CII នេះមាន ដល់មន្ត្រីនិយ័តករធានារ៉ាប់រង និងអ្នកបម្រើការក្នុងវិស័យធានារ៉ាប់រង។  

លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា “ ជាការពិតទោះបីវិស័យធានារ៉ាប់រង បានចាប់ផ្តើមរយៈពេលជាង ២០ឆ្នាំក៏ពិតមែន តែបើនិយាយពីអ្នកមានជំនាញក្នុងវិស័យនេះ គឺនៅខ្វះ។ ក្នុងនោះ នៅតាមសាកលវិទ្យាល័យនានា ក៏មិនទាន់មានវគ្គបណ្តុះបណ្តាលជំនាញធានារ៉ាប់រងច្បាស់លាស់នោះទេ ដូចនេះហើយ និយ័តករ បានកំពុងសហការជាមួយសាកលវិទ្យាល័យក្នុងស្រុកលើការងារនេះ។ យើង ត្រូវការពេលវេលា និងកំពុងខិតខំប្រឹងប្រែងដើម្បីកសាងធនធានមនុស្សក្នុងវិស័យនេះ ឱ្យបានច្បាស់លាស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព”។  

លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងផងដែរថា និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានរៀបចំនីតិវិធីរួចរាល់ហើយ ក្នុងការត្រៀមបើកដំណើរការនូវសាលាបណ្តុះបណ្តាលវិជ្ជាជីវៈធានារ៉ាប់រង ដែលគ្រោងចេញជាផ្លូវការនៅឆ្នាំ២០២៧ខាងមុខនេះ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ និយ័តករ កំពុងសាងសង់អាគារសាលាបណ្តុះបណ្តាលនេះ ហើយនឹងសាហការជាមួយវិទ្យាស្ថាន CII ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនានាឱ្យស្របតាមស្តង់ដារអន្តរជាតិ៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

សម្រួល៖ ចិន្តា ទីទិ

Comments

Loading comments…