Skip to main content
Preah Sihanouk Provincial Television
Log in

ខេត្តព្រះសីហនុមានចក្ខុវិស័យប្រែក្លាយជាគោលដៅទេសចរណ៍និងធុរកិច្ច

Historical original · translation unavailable

ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រមទាំងផ្តល់ការសម្រាកលំហែកម្សាន្តកម្រិតអន្តរជាតិប្រកបដោយគុណភាព និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងតំបន់និងអន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងសហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នមន្ទីរពាក់ព័ន្ធរៀបចំចក្ខុវិស័យអភិវឌ្ឍន៍ប្រែក្លាយខេត្តព្រះសីហនុទៅជាគោលដៅទេសចរណ៍ និងធុរកិច្ច។ នេះបើតាមលោក ឡុង ឌីម៉ង អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលើកឡើងក្នុងកម្មវិធីបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

លោកឡុង ឌីម៉ង់ បានបង្ហើបប្រាប់ថា ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុ  រដ្ឋបាលខេត្ត បានរៀបចំកិច្ចការមួយចំនួនដូចជា៖ ការធ្វើពិពិធកម្មផលិតផលសម្បទាន និងសេវាកម្មទេសចរណ៍ ដែលធ្វើយ៉ាងណាបង្កើតឱ្យមានផលិតផលទេសចរណ៍កាន់តែច្រើន។ បើតាមលោកឡុង ឌីម៉ង់ កន្លែងខ្លះដែលត្រូវកែច្នែបន្ថែមទីតាំងមានសក្តានុពល នោះផលិតផលថ្មីៗក៏ត្រូវបង្កើតបន្ថែមដែរ។

ដោយឡែក ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ជាចំណុចមួយដ៏សំខាន់ដែរ។ កន្លងទៅមន្ទីរទេសចរណ៍ខេត្ត ក៏បានចុះផ្សព្វផ្សាយសូម្បីអ្នករត់ម៉ូតូកង់បី អ្នករត់តាក់ស៊ី អ្នកឆុងកាហ្វេ អ្នករៀបចំបន្ទប់នៅតាមបណ្តាសណ្ឋាគារ ចុងភៅ និងអ្នកបម្រើការនៅតាមភោជនីយដ្ឋានជាដើម។ ចំពោះវិជ្ជាជីវៈមានច្រើនដូចជា ភាសា និងការធ្វើបដិសណ្ឋារកិច្ចជាដើមដែលត្រូវពង្រឹង ទន្ទឹមនឹងការពង្រឹង ក៏ត្រូវបង្កើតថ្មីបន្ថែមទៀត។ ក្រៅពីនេះ ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍បន្ថែមគឺសំខាន់ ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្ត បានចាត់ទុកថា ការសិក្សាទីផ្សារត្រូវធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនគ្រប់រដូវកាល។

ទន្ទឹមគ្នានេះ ត្រូវជំរុញការវិនិយោគលើវិស័យទេសចរណ៍ ដែលផ្តល់ការលើកទឹកចិត្ត និងផ្តល់នូវការសម្របសម្រួលគ្រប់លក្ខណៈសម្បត្តិទាំងអស់ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគដែលមានលទ្ធភាពសក្តានុពលក្នុងការវិនិយោគឬធ្វើអាជីវកម្មចូលរួមចំណែកក្នុងវិស័យទេសចរណ៍។ ក្នុងន័យនេះ លោក ឡុង ឌីម៉ង់ សង្កត់ធ្ងន់ថា មិនមែនមានតែអ្នកវិនិយោគនោះទេ ប៉ុន្តែក៏ផ្តល់ការលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកជំនាញខាងអេកូទេសចរណ៍ និងអ្នកជំនាញខាងទេសចរណ៍ក្រោមបាត់សមុទ្រដែរ ខណៈខេត្តព្រះសីហនុ បានដាក់ចេញគោលការណ៍បង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន។

បើតាមលោកឡុង ឌីម៉ង់ កត្តាប្រមូលផ្តុំគ្នាខាងជំនាញទេសចរណ៍ទាំងអស់នេះហើយ គឺបានផ្តល់នូវការរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់វ័យទាំងអស់ឱ្យមកទស្សនាកម្សាន្តខេត្តព្រះសីហនុកាន់តែច្រើនឡើងបន្ថែម។ ក្រៅពីការអភិវឌ្ឍន៍ ក៏ត្រូវមានការអភិរក្សដែរ ដើម្បីឱ្យទេសចរមានការចាប់អារម្មណ៍ និងទាក់ទាញ ហើយភាពស្អាតមានសារៈសំខាន់សម្រាប់ភ្ញៀវ។

ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពទេសចរ។ ចំណុចនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ បញ្ជាក់ថា ប្រសិនបើភ្ញៀវទេសចរទៅលេងកន្លែងមួយដែលមានអារម្មណ៍ថា គ្មានសុវត្ថិភាព គឺប្រហែលជាមិនអាចទៅកម្សាន្តនោះទេ។ ដូច្នេះ ការពង្រឹងសន្តិសុខ និងសុវត្ថិភាពនេះ គឺជាកត្តាសំខាន់ជាស្នូលសម្រាប់ធ្វើយ៉ាងណាផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរ។ ចំណែក ការពង្រឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ផ្សេងៗទៀតដែលល្មើសច្បាប់ ក៏ត្រូវតែពង្រឹងដូចគ្នា ក្នុងករណីចេញអាជ្ញាប័ណ្ណសម្រាប់បើកសណ្ឋាគារ ប៉ុន្តែបែរជាទៅបើកល្បែងឬកាស៊ីណូជាដើម នោះត្រូវតែលុបអាជ្ញាប័ណ្ណចោលតែម្តង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…