Skip to main content
Preah Sihanouk Provincial Television
Log in

សុវត្ថិភាពភ្ញៀវទេសចរគឺសំខាន់!សមត្ថកិច្ចចុះល្បាតការពារទេសចរមកលេងតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ

Historical original · translation unavailable

ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលទេសចរណ៍ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងការិយាល័យសុខាភិបាល បានបន្តចុះល្បាតនៅតាមតំបន់ឆ្នេរនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងការចុះល្បាតជាប្រចាំ រដ្ឋបាលខេត្តព្រះសីហនុ ក៏គ្រោងនឹងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវសាធារណៈ និងទីតាំងសំខាន់ៗចំនួន ១៦៧ទីតាំងស្មើនឹង ២៥៧កាមេរ៉ាបន្ថែមទៀត ក្នុងដំណាក់កាលទី២ ខណៈដំណាក់កាលទី១ បំពាក់កាមេរ៉ាសុវត្ថិភាពបានចំនួន ៤៣៣ទីតាំង ស្មើនឹងកាមេរ៉ាចំនួន ៥៣៣គ្រាប់។

គោលដៅនិងទីតាំងសំខាន់ៗដែលគ្រោងនឹងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលទី២ រួមមាន៖ ក្រុងព្រះសីហនុ ក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា។ ការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ដើម្បីការពារ និងបង្កើនសុវត្ថិភាពសាធារណៈ កាត់បន្ថយបទល្មើសលួចឆក់ប្លន់ បទល្មើសចរាចរណ៍ និងការរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈជាដើម។

ជាក់ស្តែង ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវក្នុងខេត្តព្រះសីហនុ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩មកម៉្ល៉េះ។ រហូតមកទល់ពេលនេះ មានកាមេរ៉ាដែលដំឡើងរួចចំនួន ៥៣៣គ្រាប់នៅតាមដងផ្លូវនានាក្នុងខេត្តដែលមាន ៤៣៣ទីតាំង។

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងថា សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវទេសចរ គឺសំខាន់។ ក្នុងន័យនេះ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើភ្ញៀវទេសចរទៅលេងកន្លែងមួយដែលមានអារម្មណ៍ថា គ្មានសុវត្ថិភាព គឺប្រហែលជាមិនអាចទៅកម្សាន្តនោះទេ។ ដូច្នេះ ការពង្រឹងសន្តិសុខ និងសុវត្ថិភាព គឺជាកត្តាសំខាន់ជាស្នូលសម្រាប់ផ្តល់នូវទំនុកចិត្តជូនភ្ញៀវទេសចរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…