Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរខេត្តតាកែវឱ្យទប់ស្កាត់ការបង្ហោះដ្រូន បាញ់កាំជ្រូចនិងបាញ់ភ្លើងហ្វានៅជិតព្រលានអន្តរជាតិតេជោ

Historical original · translation unavailable

រដ្ឋបាលខេត្តតាកែវ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រូច បាញ់ភ្លើងហ្វា បាញ់ភ្លើងឡាស៊ែបញ្ចាំងឡើងលើ និងសកម្មភាពផ្សេងៗដែលនាំឱ្យប៉ះពាល់សុវត្ថិភាពការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការដាក់បទបញ្ជាទប់ស្កាត់សកម្មភាពខាងលើ បើតាមរដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ពិសេសបញ្ជៀសបាននូវបញ្ហាផ្សេងៗដែលអាចកើតឡើងជាយថាហេតុចំពោះការហោះហើររបស់អាកាសយាន។

បើតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ចេញនៅថ្ងៃទី១៦ ខែកញ្ញា បានស្នើទទៅអាជ្ញាធរស្រុកបាទី និងស្រុកព្រៃកប្បាស ឱ្យចាត់វិធានការទប់ស្កាត់ការបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រូច បាញ់ភ្លើងហ្វា បាញ់ភ្លើងឡាស៊ែបញ្ចាំងឡើងលើ និងសកម្មភាពផ្សេងៗដែលនាំឱ្យប៉ះពាល់សុវត្ថិភាពប្រតិបត្តិការហោះហើររបស់អាកាសយានក្នុងតំបន់ភូមិសាស្រ្តរបស់ខ្លួនដែលស្តិតនៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ គិតចាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (និយាមការ៖ 112136N 1045516E) រហូតដល់កាំរង្វង់១៥គីឡូម៉ែត្រ លើកលែងតែមានការអនុញ្ញាតពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងNotice to Airmen (NOTAM) ជូនដំណឹងដល់អ្នកប្រើប្រាស់ដែនអាកាស។

អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរជាផ្លូវការ កាលពីថ្ងៃទី០៩ ខែកញ្ញាកន្លងទៅ ហើយពិធីសម្ពោធជាផ្លូវការគ្រោងរៀបចំនៅថ្ងៃទី២០ ខែតុលា ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី។

ព្រលានយន្តហោះខ្នាតអន្តរជាតិលំដាប់ 4F នេះ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង មួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានសាងសង់នៅលើផ្ទៃដីជាង ២៦០០ហិកតា។ ព្រលានយន្តហោះខ្នាតយក្សនេះ មានសមត្តភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing747-800 ចុះចតបាន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…