Skip to main content
Preah Sihanouk Provincial Television
Log in

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខវីរកងទ័ពម្នាក់ ដែលរងរបួសចំភ្នែកយ៉ាងធ្ងន់ធ្ងរ ដោយសារកងកម្លាំងថៃប្រើកាំភ្លើងគ្រាប់ជ័របាញ់ចំ នៅស្រុកអូរជ្រៅ

Historical original · translation unavailable

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខវីរកងទ័ពកម្ពុជាម្នាក់ ដែលរងរបួសត្រង់ភ្នែកយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍បង្កដោយក្រុមយោធា និងសមត្ថកិច្ចថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលក្រុមទាហានថៃ បានយកបន្លាលួសមករាយ និងព័ទ្ធយកភូមិឋានរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកពលបាលឯក ម៉ន ភត្ត្រា យោធិននៅវរសេនាតូច៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានរងរបួសត្រង់ភ្នែកខាងស្ដាំ នៅពេលបំពេញបេសកកម្មឈរការពារប្រជាពលរដ្ឋ ដែលចេញទៅប្រឆាំងតវ៉ា និងរើសបន្លាលួសដែលរាយព័ទ្ធដោយបំពានច្បាប់ពីសំណាក់ក្រុមយោធា និងសមត្ថកិច្ចរបស់ថៃ។

សូមរំលឹកថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៣៖៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយកាំភ្លើងបាញ់គ្រាប់បែកផ្សែង កាំភ្លើងបាញ់គ្រាប់ជ័រ ជំពាមបាញ់គ្រាប់ឃ្លី ដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ។

សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមុខលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគេហៀរទឹកភ្នែក និងប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្តាលឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ រួមទាំងកម្លាំងដែលមិនមានប្រដាប់អាវុធ ដួលសន្លប់ និងរងរបួសធ្ងន់ស្រាល សរុបចំនួន២៨អង្គ/នាក់៕

ប្រភព៖ ក្រសួងការពារជាតិ

សម្រួល៖ ចិន្តា ទីទិ

Comments

Loading comments…