កាលពីថ្ងៃទី១៧ ខែកញ្ញា កាសែត The Nation Thailand បានចុះផ្សាយថា «ខេត្តស្រះកែវទុកពេល៣០ថ្ងៃឱ្យពលរដ្ឋខ្មែរឈប់រស់នៅក្នុងភូមិមានជម្លោះ»។ ភ្លាមៗ អ្នកពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសច្រានចោលទាំងស្រុង និងចាត់ទុកព័ត៌មាននេះ ជាព័ត៌មានមិនពិត គ្មានមូលដ្ឋានដែលបង្ហាញពីការញុះញង់ គំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
អ្នកនាំពាក្យរដ្ឋបាលខេត្ត បានចាត់ទុកការចុះផ្សាយរបស់កាសែត The Nation Thailand គឺស្រង់យកនូវខ្លឹមសារតែមួយជ្រុង ខណៈក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការច្រកទ្វាអន្តរជាតិប៉ោយប៉ែត ប្រទេសកម្ពុជា ខាងភាគីខេត្តស្រះកែវ ប្រទេសថៃ បានស្នើសុំមកភាគីខេត្តបន្ទាយមានជ័យចំនួន៨ចំណុច ប៉ុន្តែត្រូវបានបដិសេធដោយភាគីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។
ចំណែកក្នុងអង្គប្រជុំនោះ ភាគីខេត្តបន្ទាយមានជ័យ បានស្នើសុំទៅភាគីខេត្តស្រះកែវ ប្រទេសថៃចំនួន ៤ចំណុចរួមមាន៖ ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្នាដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មាការចម្រុះព្រំដែន (JBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ នាពេលខាងមុខ។
លើសពីនេះ ស្នើឱ្យគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់។ ស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗដូចជា៖ ការដាក់បន្លាលួសបន្ថែម, ការចេញបណ្ណកម្មសិទ្ធិ, ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់ក្នុងបន្លាលួស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែល JBC នៃភាគីទាំងពីរពុំទាន់បានឯកភាពគ្នា និងករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជូនទៅ GBC ឬ JBC ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
