Skip to main content
Preah Sihanouk Provincial Television
Log in

«ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»បានលើកបង្ហាញតំណាងប្រទេសជាសមាជិកអាស៊ាននិងសហគ្រាសធំៗ

Historical original · translation unavailable

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បង្ហាញអំពី «ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ទៅដល់ប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍អាស៊ាន រួមមាន៖ ប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម ទីម័រខាងកើត និងតំណាងសហគ្រាសធំៗចម្រុះជាតិសាសន៍ប្រមាណ ៩៥០រូប នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ត្រូវបានលោក ឡុង ឌីម៉ង់ បង្ហាញនៅថ្ងៃទី១៦ ខែកញ្ញា នៅក្នុង «វេទិកាអភិបាលក្រុងអាស៊ាន-ចិន ឆ្នាំ២០២៥» (ASEAN-China Mayors’ Forum 2025) ក្រោមមូលបទ «កសាងលំនៅឋានល្អទាំងអស់គ្នា រួមគ្នាជំរុញការអភិវឌ្ឍនគរូបនីយកម្មចិន និងអាស៊ានប្រកបដោយចីរភាព»។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត ក៏បានរំលេចអំពីលក្ខណៈពិសេសសំខាន់ៗរបស់ខេត្តរាប់ចាប់ពី គុណប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់ រហូតដល់គោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសវិស័យសក្តានុពលដែលកំពុងមានតម្រូវការវិនិយោគដូចជា៖ ឧស្សាហកម្ម, កសិ-ឧស្សាហកម្ម, ដឹកជញ្ជូននិងភស្តុភាកម្មទំនើប។

គួរបញ្ជាក់ថា «វេទិកាអភិបាលក្រុងអាស៊ាន-ចិន ឆ្នាំ២០២៥» នេះ ត្រូវបានសហការរៀបចំឡើងដោយសមាគមអភិបាលក្រុងចិន (China Association of Mayors) និងនាយកដ្ឋានលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទនៃតំបន់ស្វយ័តក្វាងស៊ី ដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងចិននិងអាស៊ាន, ធ្វើបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍនគរូបនីយកម្មសំខាន់ៗរបស់ប្រទេសជាសមាជិក និងចែករំលែកបទពិសោធន៍ ឧត្តមានុវត្ត ជាពិសេសបច្ចេកវិទ្យាទំនើបថ្មីៗ ដែលជាអាចបម្រើក្នុងវិស័យសំណង់ និងនគរូបនីយកម្ម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…